(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាមិនមានការវាយប្រហារលើកងទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ បានកើតឡើងនោះទេ ចាប់តាំងពីបទឈប់បាញ់បណ្ដោះអាសន្នរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមាន កាលពីសប្ដាហ៍មុនមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

កងទ័ពអាមេរិកឈរជើងនៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្ដហោះដ្រូនច្រើនជាង ៧០លើក ចាប់តាំងពី សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក ហើយទីក្រុងវ៉ាស៊ីនតោនបានទម្លាក់ការទទួលខុសត្រូវលើ ក្រុមចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានកត់សម្គាល់ដូច្នេះថា «មិនមានការវាយប្រហារណាមួយ បានកើតឡើងលើកងទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់នោះទេ ចាប់តាំងពីថ្ងៃទី២៣ ខែវិច្ឆិកាមក ពោលចាប់តាំងពីបទឈប់បាញ់ចូលជា ធរមានមក»

គួរបញ្ជាក់ថា បទឈប់បាញ់រយៈពេល ៤ថ្ងៃ ក្រោមការសម្របសម្រួលពីប្រទេសកាតា បានចូលជាធរមានកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ដោយក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងជាច្រើននាក់ ជាថ្នូរឱ្យនឹងការដោះលែងជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ឃុំក្នុងពន្ធនាគាររបស់ អ៉ីស្រាអែល។ បទឈប់បាញ់នេះត្រូវបានពន្យារបន្ថែម ខណៈក្រុមអ្នកសម្របសម្រួលកំពុងប្រឹងប្រែងស្វែងរកបទឈប់បាញ់មួយដើម្បីបិទបញ្ចប់ សង្រ្គាមដែលអូសបន្លាយពេលអស់ ៧សប្ដាហ៍មកនេះតែម្ដង៕

រូបភាពពី AFP