(កៀវ)៖ មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយថា ភរិយារបស់ប្រមុខចារកម្មយោធាអ៊ុយក្រែន ត្រូវបានគេលួចបំពុល ហើយបច្ចុប្បន្នលោកស្រីកំពុង ទទួលការព្យាបាលនៅមន្ទីរពេទ្យមួយ ដោយមិនទាន់មានព័ត៌មានពីស្ថានភាពរបស់លោកស្រីនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩​ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកស្រី Marianna Budanova គឺជាភរិយារបស់លោក Kyrylo Budanov ជាប្រមុខចារកម្មយោធាអ៊ុយក្រែន GUR ដែលបានដឹកនាំ ប្រតិបត្តិការយោធាសម្ងាត់ៗជាច្រើនប្រឆាំងកងកម្លាំងរុស្ស៉ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។

នៅពេលត្រូវបានសាកសួរដោយទីភ្នាក់ងារសារព័ត៌មាន Reuters ជុំវិញករណីបំពុលលោកស្រី Budanova លោក Andriy Yusov ជាអ្នកនាំពាក្យចារកម្មយោធាអ៊ុយក្រែន GUR បានទទួលស្គាល់ថាលោកស្រីពិតជាត្រូវបានគេលួចបំពុលមែន។ «ពិតណាស់ ខ្ញុំអាចបញ្ជាក់ថា ព័ត៌មាននេះគឺជាការពិត»។ នេះជាការបញ្ជាក់របស់លោក Yusov ដោយមិនបានបញ្ជាក់លម្អិតថាតើការបំពុលនេះកើតឡើងតាំងពីពេលណា នោះទេ។

ដោយឡែក សារព័ត៌មាន BBC ជាភាសាអ៊ុយក្រែន ដោយផ្អែកលើការស្រង់សម្ដីពីលោក Yusov បានឱ្យដឹងថាមន្ត្រី GUR ជាច្រើននាក់ ក៏មាន រោគសញ្ញាពុលក្នុងករណីស្រាលផងដែរ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនខ្លះអះអាងថាការបំពុលនេះទៀតសោតធ្វើឡើងតាមរយៈ ចំណីអាហារ។

គួរបញ្ជាក់ថា លោក Kyrylo Budanov មានអាយុ ៣៧ឆ្នាំ ក៏ធ្លាប់ក្លាយជាគោលដៅនៃការលួចធ្វើឃាតផងដែរ ក្នុងនោះរួមមានទាំងការប៉ុនប៉ង បំផ្ទុះគ្រាប់បែកក្នុងរថយន្ដមួយ តែមិនបានសម្រេច៕

រូបភាពពី Reuters