(ព្រុចសែល)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នឹងមិនបញ្ឈប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន មុនពេលដែលលោកបានដឹងពីលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២៤នោះទេ ចំពោះមុខការព្រួយបារម្ភថាជ័យជម្នះរបស់ លោក ដូណាល់ ត្រាំ អាចនឹងនាំទៅរកការបិទបញ្ចប់ការគាំទ្ររបស់លោកខាងលិចសម្រាប់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters​ នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ដូណាល់ ត្រាំ បានសម្រេចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ ហើយបច្ចុប្បន្ន លោកជាបេក្ខជននាំមុខគេ ក្នុងចំណោមបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ។ លោកក៏ជាមនុស្សម្នាក់ដែលតែងតែរិះគន់ឥតសំច្ចៃមាត់លើការផ្ដល់ជំនួយ យោធាដល់អ៊ុយក្រែន ផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការបរទេស NATO ក្នុងទីក្រុងព្រុចសែលក្នុងសប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថាបក្សសម្ព័ន្ធ NATO បានអះអាងឡើងវិញពីការគំាទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន និងដឹងច្បាស់ថាកិច្ចព្រមព្រៀងសន្តិភាព ទំនងជានឹងមិន អាចកើតឡើងនៅឆ្នាំក្រោយទេ។ «តាមការសន្និដ្ឋានរបស់ខ្ញុំ លោក ពូទីន នឹងមិនបញ្ឈប់សង្រ្គាម ឬបើកផ្លូវឱ្យមានសន្តិភាពពិតប្រាកដមួយ នៅមុនពេល ដែលលោកបានដឹងពីលទ្ធផលបោះឆ្នោតរបស់យើងនោះឡើយ»។ នេះជាការបញ្ជាក់របស់មន្ត្រីអាមេរិករូបនោះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីដើមខែវិច្ឆិកានេះបានអញ្ជើញលោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ អ៊ុយក្រែន ដើម្បីពិនិត្យមើលស្ថានភាពសង្រ្គាមដោយខ្លួនឯង។ លោក ត្រាំ ក៏ធ្លាប់បានលើកឡើងជាច្រើនដងដែរថាលោកអាចបញ្ឈប់សង្រ្គាមអ៊ុយក្រែន បានត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជាថ្មីម្ដងទៀត៕

រូបភាពពី Reuters