(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានបញ្ជូនយន្ដហោះយោធាមួយគ្រឿងដំបូង ក្នុងចំណោម ៣គ្រឿងទៅកាន់ប្រទេស អេហ្ស៉ីប ដើម្បីនាំយកជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា តាមការសន្យាផ្ដល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីនអំឡុងបទឈប់បាញ់បណ្ដោះអាសន្ន រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជើងហោះហើរខាងលើដែលមានដឹកជំនួយជាស្បៀងអាហារ ថ្នាំពេទ្យ និងសម្លៀកបំពាក់សម្រាប់រដូវរងា គឺជាការបញ្ជូនជំនួយលើកដំបូងបំផុតរបស់ យោធាអាមេរិកសម្រាប់តំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក។ ជើងហោះហើរដឹកជំនួយនេះដែរធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកនឹងប្រើប្រាស់ការពន្យារបទឈប់បាញ់ ដើម្បីផ្ដល់ជំនួយមនុស្សធម៌បន្ថែមដល់ ប្រជាជនហ្កាហ្សា ស្របពេលមានការទទូចឱ្យមានការពន្យារបទឈប់បាញ់បន្ថែមទៀត។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានគូសបញ្ជាក់ដូច្នេះថា «ជំនួយមនុស្សធម៌ចាំបាច់សម្រាប់ តំបន់ហ្កាហ្សាបង្ហាញថាសហគមន៍អន្តរជាតិត្រូវប្រឹងប្រែងបន្ថែមទៀត ហើយសហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តចំពោះកិច្ចការមួយនេះ»

គួរបញ្ជាក់ថា យន្ដហោះយោធាអាមេរិក C-17 មួយគ្រឿងដំបូងបានចុះចតនៅឯប្រទេសអេហ្ស៉ីប ជាមួយជំនួយមនុស្សធម៌ទម្ងន់ ២៤.៥តោន ក្នុងនោះរួមមានថ្នាំពេទ្យ និងស្បៀងអាហារជាដើម ហើយបើតាមក្រុមមន្ត្រីអាមេរិក សហរដ្ឋអាមេរិកនឹងដឹកជំនួយនេះចេញពីឧបទ្វីបស៊ីណៃរបស់ អេហ្ស៉ីបមានព្រំដែនជាប់តំបន់ហ្កាហ្សា ទៅឱ្យប្រជាជនប៉ាឡេស្ទីន ខណៈយន្ដហោះយោធា ២គ្រឿងផ្សេងទៀតនឹងដឹកជំនួយមកដល់នៅប៉ុន្មានថ្ងៃ ខាងមុខ៕

រូបភាពពី AFP