(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេស​ នៃប្រទេសបាល់ទិកទាំងបីបាននិយាយថា ពួកគេនឹងធ្វើពហិការមិនចូលរួមកិច្ចប្រជុំរបស់អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ក្នុងសប្តាហ៍នេះ នៅប្រទេសម៉ាសេដូនខាងជើង ដោយជំទាស់នឹងការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសអេស្តូនី ឡាតវី និងលីទុយអានី បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃអង្គារសប្តាហ៍នេះដោយនិយាយថា ពួកគេមាន «ការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្ត ដែលអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកSergey Lavrov ចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំខាងលើ...នេះ​នឹង​ផ្តល់​ឱកាស​ឃោសនា​មួយ​ទៀត​សម្រាប់​រុស្ស៊ី»។

លោក Lavrov បាននិយាយកាលពីថ្ងៃចន្ទថា លោកគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុង Skopje ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស OSCE ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់រដ្ឋសមាជិកណាតូ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ កាលពីខែកញ្ញា លោកបានទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នៃមេដឹកនាំពិភពលោក។

គួរបញ្ជាក់ថា OSCE ដែលមានប្រទេសចំនួន ៥៧ ប្រទេស ត្រូវបានបង្កើតឡើងក្នុងកំឡុងសង្គ្រាមត្រជាក់ ដើម្បីជួយកាត់បន្ថយភាពតានតឹងរវាងខាងកើត និងខាងលិច។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាសេដូនខាងជើង ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេននៃអង្គការនេះ បានអញ្ជើញ លោក Lavrov ឱ្យចូលរួមកិច្ចប្រជុំរយៈពេលពីរថ្ងៃដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕