(ម៉ានីល)៖ អ្នកសម្រុះសម្រួលន័រវេស បានប្រកាសឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាមកុម្មុយនិស្តរបស់ប្រទេសនេះ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចចរចាឡើងវិញ ក្នុងគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍ ដែលជារយៈពេលវែងបំផុតមួយនៅអាស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

គណៈប្រតិភូជាន់ខ្ពស់នៃភាគីទាំងពីរ បានជួបប្រជុំគ្នានៅរដ្ឋធានីន័រវេសកាលពីសប្តាហ៍មុន ហើយបានយល់ព្រមលើ «ចក្ខុវិស័យរួមគ្នាសម្រាប់សន្តិភាព» ដែលស្វែងរកការដោះស្រាយឧបសគ្គធំៗ នេះបើយោងតាមក្រសួងការបរទេសន័រវេស។

រដ្ឋមន្ត្រីការបរទេសន័រវេស លោក Espen Barth Eide បាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្នុង «ពិធីចុះហត្ថលេខាដ៏សំខាន់មួយ» កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអង្គារសប្តាហ៍នេះ។

បក្សកុម្មុយនិស្តហ្វីលីពីន និងក្រុមប្រដាប់អាវុធរបស់ខ្លួនដែលគេស្គាល់ថា «កងទ័ពប្រជាជនថ្មី» ឬ NPA បានប្រយុទ្ធជាមួយរដ្ឋាភិបាលហ្វីលីពីនជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ១៩៦៩ មក។ ការបះបោរដែលប្រឆាំងនឹងទំនាក់ទំនងជិតស្និទ្ធរបស់ហ្វីលីពីនជាមួយសហរដ្ឋអាមេរិក និងចង់ឱ្យភាគីឆ្វេងនិយមជាផ្នែកមួយនៃរដ្ឋាភិបាល បានធ្វើឱ្យយុទ្ធជន និងជនស៊ីវិលប្រហែល ៤០,០០០ នាក់បានស្លាប់បាត់បង់ជីវិត និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទក្រីក្រ។

រដ្ឋបាលមុន បានចូលរួមក្នុងការចរចាសន្តិភាពជាមួយពួកឧទ្ទាមកុម្មុយនិស្ត។ ប៉ុន្តែអតីតប្រធានាធិបតី លោក Rodrigo Duterte បានបញ្ចប់ការចរចាសន្តិភាពនេះវិញ ក្នុងខែមីនា ឆ្នាំ ២០១៩ ដោយចោទប្រកាន់ក្រុមឧទ្ទាមថា បានបើកការវាយប្រហារលើទីតាំងប៉ូលិស និងយោធា។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងរដ្ឋាភិបាលហ្វីលីពីន ចាត់ទុកកងទ័ពប្រជាជនថ្មី (NPA) ជាអង្គការភេរវករ ដោយសារការវាយប្រហាររបស់ខ្លួនសំដៅទៅលើជនស៊ីវិល។

កាលពីឆ្នាំមុន លោក Ferdinand Marcos Jr. បានចូលកាន់តំណែងជាប្រធានាធិបតីថ្មី ហើយហាក់ដូចជាបើកចំហបន្ថែមទៀតសម្រាប់ការចរចាសន្តិភាព។ លោកបានផ្តល់ការលើកលែងទោសកាលពីសប្តាហ៍មុនដល់ក្រុមឧទ្ទាមជាច្រើនរូប រួមទាំងសមាជិក NPA ផងដែរ ដែលត្រូវបានចោទប្រកាន់បទបះបោរ និងការប្រមូលផ្តុំដោយខុសច្បាប់ ប៉ុន្តែមិនមែនអ្នកដែលសង្ស័យពីការចាប់ជំរិត ការសម្លាប់ អំពើភេរវកម្ម ឬឧក្រិដ្ឋកម្មធ្ងន់ធ្ងរស្រដៀងគ្នានោះទេ៕