(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋបាលរបស់ លោក Biden បានប្រាប់អ៊ីស្រាអែលថា ត្រូវតែបញ្ជៀសកុំឲ្យកើតមាន «ការផ្លាស់ទីលំនៅដ៏ធ្ងន់ធ្ងរបន្ថែមទៀត» នៃជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាភាគខាងត្បូង ប្រសិនបើប្រទេសនេះបន្តប្រតិបត្តិការយោធាជើងគោករបស់ខ្លួន ដែលសំដៅកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាសនាពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក កំពុងស្វែងរកការបញ្ជៀសការស្លាប់ជនស៊ីវិលទ្រង់ទ្រាយធំបន្ថែមទៀត ឬការផ្លាស់ទីលំនៅទ្រង់ទ្រាយធំដូចដែលបានឃើញ នៅមុនការអនុវត្តបទឈប់បាញ់បណ្ដោះអាសន្ន នាពេលបច្ចុប្បន្ន។

មន្ត្រីម្នាក់បាននិយាយថា ចំពេលមានការកើនឡើងសម្ពាធអន្តរជាតិ និងក្នុងស្រុកជុំវិញការកើនឡើងចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន សេតវិមានបានចាប់ផ្តើមបង្កើនសម្ពាធលើអ៊ីស្រាអែលឱ្យ «ពិចារណាដោយប្រុងប្រយ័ត្ន» នូវវិធីសាស្រ្តនៃប្រតិបត្តិការយោធានាពេលខាងមុខ។ មន្ត្រីរូបនេះបន្ថែមថា «នៅពេលមន្ត្រីរដ្ឋាភិបាលលើកឡើងពីការព្រួយបារម្ភទាំងនេះ អ៊ីស្រាអែលបានទទួលយកវាយ៉ាងងាយ»

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងការពារអ៊ីស្រាអែល នៅទីបំផុតនឹងចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ បន្ទាប់ពីបទឈប់បាញ់បណ្តោះអាសន្នបច្ចុប្បន្ននេះ ត្រូវបានបញ្ចប់។ ភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីបន្តបទឈប់បាញ់រយៈពេលពីរថ្ងៃទៀត និងបន្តការផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកទោសបន្ថែមទៀត៕