(កៀវ)៖ សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីបានឈានចូលដល់ថ្ងៃទី៦៤២ហើយ ខណៈការប្រយុទ្ធរបស់អ៊ុយក្រែនគឺកំពុងធ្វើយ៉ាងណាដើម្បីឱ្យប្រទេសជា សម្ព័ន្ធមិត្តរបស់អង្គការណាតូនាំអ៊ុយក្រែនឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូ។ យុទ្ធនាការវាយលុករដូវក្តៅរបស់អ៊ុយក្រែន បានបញ្ចប់ រួចទៅហើយ ប៉ុន្តែមិនទទួលបានជោគជ័យដូចតាមការរំពឹងទុកឡើយ។ លើសពីនេះ អ៊ុយក្រែនកំពុងរំពឹងថារុស្ស៊ីនឹងធ្វើការវាយលុកដាក់មកលើខ្លួន វិញក្នុងរដូវត្រជាក់ឈានមកដល់នេះ។

សង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីបានឈានចូលដល់ថ្ងៃទី៦៤២ហើយ ខណៈការប្រយុទ្ធរបស់អ៊ុយក្រែនគឺកំពុងធ្វើយ៉ាងណាដើម្បីឱ្យប្រទេសជាសម្ព័ន្ធមិត្ត របស់ អង្គការណាតូនាំអ៊ុយក្រែនឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូ។ នៅថ្ងៃទី២៨ និង២៩ វិច្ឆិកាឆ្នាំ២០២៣សប្តាហ៍នេះ, កិច្ចប្រជុំមួយរបស់ រដ្ឋមន្ត្រីការបរទេសអង្គការណាតូ បាន និងកំពុងប្រព្រឹត្តទៅក្នុងទីស្នាក់ការកណ្តាលរបស់ខ្លួននៃក្រុង Brussels នៃប្រទេសបែលហ្ស៊ីកដែលបានផ្តោតលើ សភាពការណ៍ផ្ទុះសង្គ្រាមនានាជុំវិញសកលលោកជា ពិសេសសសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន និងសង្គ្រាមអ៊ុយក្រែនដែល កាន់តែរ៉ាំរ៉ៃទៅជាលំដាប់។ អ៊ុយក្រែនក្នុងស្ថានការណ៍ដែលមិនអាចឈ្នះលើយុទ្ធនាការវាយ លុករដូវប្រាំងនិងកំពុងបារម្ភរុស្ស៊ីធ្វើការវាយប្រហារមកវិញ ក្នុងរដូវត្រជាក់ឈានមកដល់នេះ កំពុងជំរុញរកលទ្ធភាពដើម្បីក្លាយជាសមាជិករបស់អង្គការណាតូ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានថ្លែងក្នុងសប្តាហ៍នេះនៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអង្គការណាតូថា អ៊ុយក្រែននឹង ក្លាយជាសមាជិកអង្គការណាតូបានដោយផ្អែកទៅលើការកែទម្រង់បន្ទាប់ពីសង្គ្រាម។ លោក Jens Stoltenberg បាននិយាយក្នុងពាក្យសម្តីដូចនេះថា «សម្ព័ន្ធមិត្តយល់ស្របថាអ៊ុយក្រែននឹងក្លាយជាសមាជិករបស់អង្គការណាតូ»។ លោកបានថ្លែងបន្តថា «នៅក្នុងកិច្ចប្រជុំអង្គការណាតូ-អ៊ុយក្រែន សប្តាហ៍នេះ, យើងនឹងយល់ព្រមលើអនុសាសន៍ស្នើអ៊ុយក្រែនលើការកែទំរង់អាទិភាព គ្រាដែលយើងបន្តគាំទ្ររដ្ឋាភិបាលក្រុងគៀវ ឱ្យស្ថិតនៅលើផ្លូវ ទៅកាន់សមាជិកភាពរបស់អង្គការណាតូ។

ការជួយជំរុញអ៊ុយក្រែនដើម្បីឱ្យស្ថិតជាសមាជិកក្នុងអង្គការណាតូ ត្រូវបានធ្វើក្នុងជំហានកាត់បន្ថយភាពការិយាធិបតេយ្យជាច្រើន។ ដោយទីមួយគេបាន ដកចោលនូវដំណាក់កាល Membership Action Plan, ក្រោយមកគេរៀបចំបង្កើតក្រុមប្រឹក្សាអ៊ុយក្រែន ណាតូ NATO Ukraine Council, និងទីបីគេ បានឈានដល់ការយល់ព្រមលើកម្មវិធីដ៏ទូលំទូលាយមួយ សម្រាប់ធានាអន្តរប្រតិបត្តិការពេញលេញរវាងកម្លាំងអ៊ុយក្រែននិងកងកម្លាំងណាតូ។ ការជួយ ជំរុញទាំង៣ដំណាក់កាលនោះ ត្រូវគេចាត់ទុកថាជាការរុញការស្នើសមាជិកភាពរបស់អ៊ុយក្រែនកាន់តែខិតជិតកៀកនឹងអង្គការណាតូ។

លោក Jens Stoltenberg បានថ្លែងថា ដំណាក់កាលទាំងបីនោះ បានជួយអ៊ុយក្រែនច្រើនណាស់ឱ្យស្ថិតមកក្បែរនឹងអង្គការណាតូដែលអាច មានលទ្ធភាពធ្វើប្រតិបត្តិការជាមួយនឹងកម្លាំងអង្គការណាតូ។ លោកបានបញ្ជាក់បន្ថែមថា ក្នុងខែវិច្ឆិកាជិតដាច់នេះ ប្រទេសអាល្លឺម៉ង់ និងហូឡង់បាន សន្យាផ្តល់ប្រាក់ ១០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន។ ប្រទេសរូម៉ានីបានបន្ថែមមជ្ឈមណ្ឌលហ្វឹកហ្វឺន F16 មួយកន្លែង សម្រាប់ជួយបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន។ លោកបន្តថាសម្ព័ន្ធមិត្តរួមទាំងសហរដ្ឋអាមេរិក និងប្រទេសហ្វាំងឡង់កំពុងបញ្ជូនប្រព័ន្ធការពារដែនអាកាសនិងគ្រាប់រំសេវ ជាបន្ថែមទៀតដើម្បីការពារបណ្តាក្រុងអ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ីក្នុងរដូវត្រជាក់ដែលបានឈានចូលមកនេះ។

លោកបញ្ជាក់ថាប្រទេសសម្ព័ន្ធមិត្តចំនួន២០បង្កើតនូវក្រុមចម្រុះការពារដែនអាកាសសម្រាប់អ៊ុយក្រែនថែមទៀត។ ក Stoltenberg បាននិយាយដែរថា សមាជិកភាពណាតូរបស់ប្រទេសស៊ុយអែតដែលកំពុងរង់ចាំរកការសម្រេចទាំងស្រុង នឹងជួយធ្វើឱ្យអង្គការណាតូទាំងអស់ កាន់តែមានសុវត្ថិភាព ជាងមុន។ ហើយលោកបានអំពាវនាវឱ្យប្រទេសទួរគី និងហុងគ្រីបញ្ចប់ការផ្តល់សច្ចាប័ន របស់ខ្លួនដើម្បីឱ្យប្រទេសស៊ុយអែតបានក្លាយជាសមាជិកពេញ សិទ្ធិរបស់អង្គការណាតូនេះ។ ថ្លែងនៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអង្គការណាតូ, អគ្គលេខាធិការអង្គការណាតូដដែល នោះបាននិយាយលើកទឹកចិត្ត អ៊ុយក្រែនថែមទៀតបើទោះបីជាយុទ្ធនាការវាយលុករដូវប្រាំង របស់អ៊ុយក្រែនបានទ្រឹងមិនរំកិលទៅមុខទទួលបានលទ្ធផលជាទីគាប់គួរក៏ដោយ។
លោក Stoltenberg បានថ្លែងថា«កាលពីឆ្នាំមុន អ៊ុយក្រែនបានឈ្នះសមរភូមិក្រុង Kyiv, ក្រុង Kharkiv និងក្រុង Kherson»។ អគ្គលេខាធិការអង្គការ ណាតូរូបនេះ និយាយថាចំណែកក្នុងឆ្នាំ២០២៣នេះ, អ៊ុយក្រែនបានបន្តការវាយប្រហារដាក់លើរុស្ស៊ីបង្កឱ្យមានការខាតបង់ធ្ងន់ធ្ងរដល់កងកម្លាំងរុស្ស៊ី ថែមទៀត។ លោកថា អ៊ុយក្រែនបានដណ្តើមយកមកវិញនូវទឹកដីចំនួន ៥០ ភាគរយដែលរុស្ស៊ីបានរឹបអូសនិងថាអ៊ុយក្រែនជាប្រទេសរឹងមាំមាន អធិបតេយ្យភាព និងឯករាជ្យ និងអ្វីទាំងនេះ លោក Stoltenberg បញ្ជាក់ថា វាជាជ័យជម្នះដ៏ធំមួយសម្រាប់អ៊ុយក្រែន។

លោកបានថ្លែងបង្អាប់ដល់រុស្ស៊ីថាមានភាពទន់ខ្សោយខាងនយោបាយ សេដ្ឋកិច្ច និងយោធា និងថាអ៊ុយក្រែននៅតែបន្តការប្រយុទ្ធយ៉ាងក្លាហានរបស់ ពួកគេប្រឆាំងនឹងរុស្ស៊ី និងថាណាតូ បន្តគាំទ្រការប្រយុទ្ធដល់អ៊ុយក្រែនជាបន្ថែមទៀត។ ខណៈការសន្យាជួយជំរុញអ៊ុយក្រែនដើម្បីការក្លាយជ សមាជិក របស់អង្គការណាតូកំពុងស្ថិត ក្នុងភាពមិនទាន់ច្បាស់លាស់ពិតប្រាកដនោះ, រុស្ស៊ី បានបន្តការវាយប្រហារដាក់លើបណ្តាក្រុងអ៊ុយក្រែន ជាពិសេសក្តី បារម្ភថារុស្ស៊ីនឹងប្រើវិធីវាយប្រហារដាក់លើហេដ្ឋារចនាប្រព័ន្ធថាមពលរបស់អ៊ុយក្រែនដូចអ្វីដែលរុស្ស៊ីធ្លាប់បានធ្វើកាលពីកន្លងមកនេះ ក្នុងរដូវត្រជាក់ ឈានមកដល់។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ, រុស្ស៊ីបានប្រើដ្រូនជាច្រើនធ្វើការវាយប្រហារតាមផ្លូវអាកាសក្នុងទ្រង់ទ្រាយធំមួយដែលមិនធ្លាប់មានចាប់តាំងពីមាន សកម្មភាពឈ្លានពានថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២។ ដ្រូន Shahed ៧៥គ្រឿងផលិតដោយប្រទេសអ៊ីរ៉ង់ បានវាយប្រហារដាក់លើអ៊ុយក្រែនប៉ុន្តែអ៊ុយក្រែន ថ្លែងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់អស់៧៤ គ្រឿង។ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោកឧត្តមសេនីយ៍ Mykola Oleschuk បានសរសេរក្នុងបណ្តាញសង្គមថា ក្រុងគៀវ គឺជាក្រុងដែលសំខាន់ក្នុងគោលដៅវាយប្រហាររបស់រុស្ស៊ី។ ការវាយប្រហារតាមផ្លូវអាកាសរបស់ រុស្ស៊ី មានរយៈពេល៦ម៉ោង និងបានចាប់ផ្តើមតាំង ពីម៉ោង៤ព្រឹកថ្ងៃសៅរ៍ទី២៥វិច្ឆិកា។

នាយករដ្ឋបាលក្រុងគៀវ លោក Serhii Popko បាននិយាយថា ការវាយប្រហារកាលពីថ្ងៃសៅរ៍កន្លងមកនេះគឺពិតជា «ការវាយប្រហារតាមអាកាស ដ៏ធំបំផុតមែន តាមរយៈដ្រូនអត្តឃាតដាក់មកលើក្រុងគៀវ»។ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat បាន បញ្ជាក់ថាកងកម្លាំងការពារ ដែនអាកាសបានបាញ់ទម្លាក់ដ្រូន៦៦គ្រឿងដែលប៉ុនប៉ងវាយប្រហារដាក់មកលើរដ្ឋធានីគៀវ និងតំបន់ដែលនៅក្បែរនោះនាព្រឹកថ្ងៃ២៥វិច្ឆិកានោះ។ អគាររស់នៅរបស់ប្រជាជនចំនួន៧៧ អគារនិងស្ថាប័នចំនួន១២កន្លែងត្រូវបានដាច់ភ្លើងក្នុងអាកាសធាតុកំពុងចុះត្រជាក់ ក្នុងពេលដែលមាន ការវាយប្រហារប្រើដ្រូនបាញ់ដាក់លើរដ្ឋធានីគៀវនាពេលនោះ។

យ៉ាងហោចណាស់ជនស៊ីវិលប្រាំនាក់បានរងរបួសនៅក្នុងការវាយប្រហារយៈពេលជាច្រើនម៉ោង ខណៈមានអគារជាច្រើនបានរងការខូចខាតដោយសារ ការធ្លាក់កំទេចកម្ទីពីដ្រូនដែល បានរងការបាញ់ទម្លាក់នោះក្នុងនោះមតេយ្យសាលាមួយបានរងការខូចខាតផងដែរ។ កុមារ អាយុ១១ឆ្នាំម្នាក់បានរងរបួស។ ក្រោយរយៈពេល៦ម៉ោងនៃការវាយប្រហារតាមផ្លូវអាកាស នោះពលរដ្ឋអ៊ុយក្រែនច្រើនម៉ឺននាក់ត្រូវគេរាយការណ៍ជុំវិញការដាច់ចរន្តអគ្គីសនីប្រើប្រាស់ ថែមទៀត។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលិនស្គី នៅថ្ងៃអាទិត្យទី២៦វិច្ឆិកា បានថ្លែងអំណរគុណដល់យោធារបស់អ៊ុយក្រែនក្នុងការប្រយុទ្ធ ទប់ទល់ ការវាយប្រហារដ្រូនរបស់រុស្ស៊ី ដាក់មកលើបណ្តាក្រុងរបស់អ៊ុយក្រែននោះ។ លោក ហ្សេលិនស្គី បានថ្លែងថា ការប្រយុទ្ធគ្នាដោយគ្មានពេលស្រាកស្រាន និងដោយភាព តានតឹងកំពុងកើតមាននៅបណ្ដាខេត្តភាគខាងកើតរួមមានខេត្ត ដូណេតស៍ និងខេត្តខាគីវ ស្របពេលដែលអាកាសធាតុចុះត្រជាក់ បានបង្កការលំបាកនៅតាមតំបន់នានារាប់ចាប់តាំង ពីក្រុងគៀវ ដែលនៅភាគខាងជើង រហូតដល់ទីក្រុង អូដេសា នៅភាគខាងត្បូងប្រទេស។

កងកម្លាំងរុស្ស៊ីបានថ្លែងកាលពីថ្ងៃអាទិត្យថាទាហានរុស្ស៊ីបានវាយរុញច្រានកងកម្លាំងអ៊ុយ ក្រែនតាមកន្លែងមួយចំនួន។ ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងថាកងកម្លាំងរបស់ខ្លួនបានវាយរុញច្រានទាហានអ៊ុយក្រែននាភាគខាងកើតនិងភាគខាងត្បូងអ៊ុយក្រែន និងអះការកម្ទេច ឃ្លាំងគ្រាប់របស់កងទ័ព អាកាសចំនួន២កន្លែង, បំផ្លាញរថក្រោះមួយចំនួន, ទីតាំងស្ថានីយនៃ ប្រព័ន្ធរ៉ាដា និងបានបំផ្លាញប្រព័ន្ធកាំភ្លើងត្បាល់ Artillery របស់អ៊ុយក្រែន មួយចំនួន។ រុស្ស៊ី បានអះអាងការបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន Mig29 ចំនួន២គ្រឿង, បាញ់ទម្លាក់ ដ្រូនអ៊ុយក្រែនចំនួន១៨គ្រឿង និងនៅជាមួយគ្នានោះវិញ អ៊ុយក្រែនបាននិយាយថាកងកម្លាំង របស់គេបានវាយប្រហារក្នុងសមរភូមិចំនួន៤២កន្លែងជាមួយនឹងទាហានរុស្ស៊ី។

ទាហានរុស្ស៊ីនៅក្នុងសប្តាហ៍នេះ នៅតែបន្តវាយលុករោងដាក់លើចក្រ Avdiivka Coke ខណៈកងទ័ពអ៊ុយក្រែននៅតែបន្តការទប់ទល់ដើម្បី រក្សាការគ្រប់គ្រងទឹកដីនៅទីនោះ។ កងកម្លាំងអ៊ុយក្រែនបាននិយាយថា គេបានទប់ទល់និងបានវាយរុញច្រានការវាយប្រហាររបស់រុស្ស៊ីចំនួន ២៦លើក នៅជិតតំបន់ Bakhmut ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ កងកម្លាំងអ៊ុយក្រែននិយាយថា គេក៏បានរកឃើញគ្រាប់ដែលផលិតដោយប្រទេសចិន នៅក្នុងទីតាំងរុស្ស៊ីក្បែរទីក្រុង Melitopol ដែលរុស្ស៊ីបានកាន់កាប់នោះផងដែរ។

សង្គ្រាមលើទឹកដីអ៊ុយក្រែន មានរយៈពេល៦៤២ថ្ងៃហើយ គិតត្រឹមថ្ងៃទី២៨វិច្ឆិកាឆ្នាំ ២០២៣។ គេនៅមិនទាន់ដឹងថាតើសង្គ្រាមនេះ អាចនឹងបញ្ចប់ ទៅនៅពេលណាមួយបានឡើយខណៈ ដែលការចរចាដើម្បីរកការបញ្ចប់សង្គ្រាម ត្រូវបានភាគីអ៊ុយក្រែនប្រឆាំងមិនធ្វើជាមួយនឹងភាគីរុស្ស៊ីឡើយ៕

រូបភាពពី AFP