(ហ្កាហ្សា)៖ បទឈប់បាញ់បណ្ដោះអាសន្នរវាងក្រុមហាម៉ាស់-ប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅតំបន់កាហ្សា បានបន្តរយៈពេលពីរថ្ងៃបន្ថែមទៀត។ ក្នុង រយៈពេលបួនថ្ងៃនៃ ការឈប់បាញ់គ្នាដំណាក់កាលដំបូងនេះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងចំនួន៦៩ នាក់ដែលរួមមានជាពិសេសស្ត្រី និងកុមារ។ ចំណែកអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន១៥០នាក់។

បទឈប់បាញ់បណ្ដោះអាសន្នរវាងក្រុមហាម៉ាស់-ប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅតំបន់កាហ្សា បានបន្តរយៈពេលពីរថ្ងៃបន្ថែមទៀត។ ការបន្តបទ ឈប់បាញ់នេះ គឺជាឱកាសដែលអាចធ្វើឲ្យក្រុមឧទ្ទាមប៉ាឡេស្ទីននេះបន្តដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ ក្នុងរយៈពេលបួនថ្ងៃនៃការឈប់បាញ់គ្នា ដំណាក់កាលដំបូងនេះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងចំនួន៦៩ នាក់ដែលរួមមានជាពិសេសស្ត្រីនិងកុមារ។ ចំណែកអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន១៥០នាក់មកវិញផងដែរ។

កិច្ចព្រមព្រៀងឈប់បាញ់គ្នានឹងបន្តរយៈពេល២ថ្ងៃថែមទៀតក្រោម ការជួយសម្របសម្រួលរបស់ប្រទេសកាតា។ យោងតាមកិច្ចព្រមព្រៀងការឈប់ សម្រាកបាញ់មួយថ្ងៃនឹងត្រូវមានលក្ខខណ្ឌជាថ្នូរដោះលែងចំណាប់ខ្មាំង១០នាក់ និងការរំពឹងថាការបន្តឈប់បាញ់គ្នារយៈពេល២ថ្ងៃទៀតនេះ ចំណាប់ខ្មាំង២០នាក់នឹងត្រូវបានដោះលែង។ កាលពីថ្ងៃចន្ទ ទី២៧ វិច្ឆិកា, ចំណាប់ខ្មាំង១១នាក់ត្រូវបានដោះលែង។ ចំណាប់ខ្មាំងដែលបានដោះលែង កាលពីថ្ងៃចន្ទនោះ គឺជាពលរដ្ឋដែលមានសញ្ជាតិពីរ គឺរួមមាន បីនាក់មានសញ្ជាតិ បារាំង, ពីរនាក់ជនជាតិអាឡឺម៉ង់ និង ៦នាក់ជាតិអាហ្សង់ទីន។ ចំណាប់ខ្មាំងទាំង១១ត្រូវបាន ក្រុមហាម៉ាសប្រគល់ជួនមន្ត្រីកាកបាទក្រហមអន្តរជាតិទាំងយប់ គ្រាដែលក្រុមគ្រូពេទ្យកំពុងរង់ចាំទទួលពិនិត្យសុខភាព ចំណាប់ខ្មាំងដែលប្រគល់មកឱ្យទាំងអស់នោះ។ ចំណាប់ខ្មាំងទាំង ១១នាក់នោះ គឺជាពលរដ្ឋរស់នៅក្នុងសហគមន៍តែមួយលើទឹកដីអ៊ីស្រាអែល ដែលក្រុមហា ម៉ាសបានចាប់ក្នុងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧តុលាកន្លងមកនេះ។

ក្នុងរយៈពេលបួនថ្ងៃ កន្លងមកនេះផងដែរ, អ៊ីស្រាអែលបានអនុញ្ញាតឱ្យរថយន្តដឹកជញ្ជួនស្បៀងប្រមាណ៨០០ ឡានចូលក្នុងតំបន់ហ្គាហ្សាដើម្បីផ្តល់ ជំនួយមនុស្សធម៌ថែមទៀត។ នៅថ្ងៃចន្ទដដែលនោះទៀត, ក្រោយការដោះលែងចំណាប់ខ្មាំងទាំង១១នាក់បានប៉ុន្មានម៉ោង រួចនោះមក, អ៊ីស្រាអែល បានដោះលែងអ្នកទោសជាតិប៉ាឡេស្ទីន៣៣នាក់ក្នុងនោះ៣០នាក់ ជាកុមារនិង៣នាក់ជាស្ត្រី។ សហរដ្ឋអាមេរិក បានទន្ទឹងរង់ចាំការដោះលែងស្ត្រី ចំណាប់ខ្មាំងជាតិអាមេរិក២នាក់ដែល មុននេះត្រូវគេគិតថាអាចនឹងត្រូវដោះលែងក្នុងដំណាក់កាលឈប់បាញ់លើកទី១ដែលមាន រយៈពេល៤ថ្ងៃ ប៉ុន្តែស្ត្រីចំណាប់ ខ្មាំងសញ្ជាតិអាមេរិកាំងទាំងពីរ នៅមិនទាន់បានឃើញដោះលែងមកវិញឡើយ។

គេរំពឹងថាបើទោះបីជាចំណាប់ខ្មាំងត្រូវបានដោះលែង៦៩នាក់ក្នុងរយៈ ពេលឈប់បាញ់បួនថ្ងៃកន្លងមកនេះមែន ក្រុមហាម៉ាសនៅមានចំណាប់ខ្មាំងក្នុងដៃ ប្រមាណ ជិត២០០នាក់ថែមទៀត។ មន្ត្រីសេតវិមានបានថ្លែងថាគេមិនជឿថាក្រុមហាម៉ាសមានបំណងចង់រក្សាទុកស្ត្រីជាតិអាមេរិកាំងទាំង២នាក់ នោះឡើយ។ រដ្ឋបាលលោកចូបៃដិនបានថ្លែងថាគេនៅតែមានសង្ឃឹមថាស្ត្រីជាតិអាមេរិកាំងទាំង២រូបនោះនឹងត្រូវបានដោះលែងយោងតាម កិច្ចព្រមព្រៀងរយៈពេល២ថ្ងៃ ដែលក្រុមហាម៉ាសបានយល់ព្រមបន្តការឈប់បាញ់គ្នាថែមទៀតនេះ។ ក្នុងរយៈពេលឈប់ បាញ់គ្នា២ថ្ងៃបន្ថែមទៀតនោះ ចំណាប់ខ្មាំង២០នាក់ទៀត នឹងត្រូវរំពឹងដោះលែងដោយក្រុមហាម៉ាស និងនៅជាមួយគ្នានេះ មានការរំពឹងថាស្ត្រីជាតិអាមេរិកាំងដែលជាចំណាប់ខ្មាំងទាំង ២នាក់អាចនឹងត្រូវគេដោះលែងនៅថ្ងៃអង្គារ៍ឬថ្ងៃពុធសប្តាហ៍នេះ។

សហរដ្ឋអាមេរិកបានថ្លែងថា នៅមានពលរដ្ឋអាមេរិកប្រមាណ៨ឬ៩នាក់ទៀតដែលស្ថិតជាចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស នាពេលនេះក្នុងនោះរួមមាន ស្ត្រីជាតិអាមេរិកាំងទាំងនោះផងដែរ។ ក្នុងការដោះលែងចំណាប់ទាំង៦៩នាក់ក្នុងរយៈពេលបួនថ្ងៃមកនេះ មិនមានការដោះលែងចំណាប់ខ្មាំងសញ្ជាតិ អាមេរិកាំងឡើយ លើកលែងតែកុមារីអាយុ៤ឆ្នាំឈ្មោះ Avigail Idan ដែល ត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យរួចមកនោះ។ នៅជាមួយគ្នានេះផងដែរ សេចក្តីរាយការណ៍ បានសង្ស័យថាគេមិនដឹងថាតើស្ត្រីជាតិអាមរិកាំងទាំង២នាក់នោះ ត្រូវបានក្រុមហាម៉ាសចាប់ ឬក្រុមផ្សេងដទៃណាបានចាប់ក្នុង ព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧តុលានោះឡើយ។

នៅទន្ទឹមនឹងព្រឹត្តិការណ៍ឈប់បាញ់គ្នាកំពុងបន្តនេះទៀត, រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken គ្រោងនឹងធ្វើដំណើរមកកាន់ ប្រទេសអ៊ីស្រាអែល, មកកាន់តំបន់ West Bank, និងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់អេមីរ៉ាត ផងទៀតក្នុងសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ត្រូវគេនិយាយថាក្នុងគោលបំណងស្វែង រកការបង្កើនជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា និងជួយរកការធានា ដោះលែងចំណាប់ខ្មាំង និងលោក Anthony Blinken នឹងចង់ពិនិត្យមើលតំបន់ហ្គាហ្សាប្រសិនណាបើអ៊ីស្រាអែលអាចកម្ចាត់ក្រុមហាម៉ាស បានមែននោះ។

ដំណើររបស់លោក Anthony Blinken នឹងក្លាយជាដំណើរទស្សនកិច្ចលើកទី៣ហើយក្នុងតំបន់នោះចាប់តាំងពីមានព្រឹត្តិការណ៍ថ្ងៃទី៧តុលាដែលក្រុម ហាម៉ាសបានសម្លាប់ពលរដ្ឋ១ពាន់២០០នាក់លើទឹកដីអ៊ីស្រាអែល និងចាប់ជាចំណាប់ខ្មាំង ប្រមាណ២៤០នាក់នោះមក។ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែ័រ៉េស បានស្វាគមន៍ការបន្តឈប់ បាញ់២ថ្ងៃជាបន្ថែមទៀតនិងលោកបាននិយាយសង្ឃឹមថានឹងមានជំនួយមនុស្សធម៌ ជាច្រើន ទៀតនឹងត្រូវបានដឹកនាំចូលក្នុងតំបន់ហ្គាហ្សា។ ក្រសួងការបរទេសកាតាដែលបានជួយសម្របសម្រួលលើការបន្តឈប់បាញ់គ្នានេះ បានថ្លែង ទៀតថាគេសង្ឃឹមថានឹងជួយពន្យាការឈប់បាញ់គ្នានេះទៀតដើម្បីធានាការដោះលែង ចំណាប់ខ្មាំងឱ្យកាន់តែបានច្រើននិងរៀបចំកិច្ចការឱ្យ កាន់តែល្អប្រសើរថែមទៀតដើម្បីស្វែង រកការឈប់បាញ់គ្នាជាបន្តថែមទៀត៕

រូបភាពពី Reuters