(តេហេរ៉ាង់)៖ អនុរដ្ឋមន្រ្តីការពារជាតិអ៉ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃអង្គារនេះថា អ៉ីរ៉ង់បានបញ្ចប់ដំណើរការចែកចាយយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ Sukhoi Su-35 ផលិតដោយរុស្ស៉ីជាស្ថាពរហើយ ខណៈដែលទីក្រុងតេហេរ៉ង់និងទីក្រុងមូស្គូបង្កើនទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

កងទ័ពអាកាសអ៉ីរ៉ង់ មានយន្តហោះវាយប្រហារតែប៉ុន្មានគ្រឿងប៉ុណ្ណោះដែលរួមមានយន្តហោះរុស្ស៉ី និងម៉ូដែលចាស់ៗរបស់អាមេរិក ដែលទទួលបានមុនបដិវត្តន៍អ៉ីស្លាមឆ្នាំ ១៩៧៩។ លោក Mehdi Farahi បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Tasnim ថា «ផែនការនាំយកយន្តហោះចម្បាំង Sukhoi Su-35 ឧទ្ធម្ភាគចក្រវាយប្រហារ Mil Mi-28 និងយន្តហោះចម្បាំង Yak-130 មកបម្រើដល់អង្គភាពប្រយុទ្ធនៃកងទ័ពអ៉ីរ៉ង់ ត្រូវបានបញ្ចប់រួចរាល់ហើយ»។ យ៉ាងនេះក្តី របាយការណ៍របស់ Tasnim មិនបានរួមបញ្ចូលនូវការបញ្ជាក់ណាមួយរបស់រុស្ស៉ីអំពីកិច្ចព្រមព្រៀងនេះទេ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ អ៉ីរ៉ង់បានអះអាងពីការចាប់ផ្តើមផលិតយន្តហោះចម្បាំង Kowsar រចនាក្នុងស្រុកសម្រាប់ទ័ពអាកាសរបស់ខ្លួន។ អ្នកជំនាញខាងយោធាជឿជាក់ថា យន្តហោះចម្បាំងទាំងនោះគឺចម្លងចេញពី យន្តហោះ F-5 ដែលផលិតដំបូងនៅសហរដ្ឋអាមេរិក ក្នុងទសវត្សរ៍ឆ្នាំ១៩៦០៕