(កៀវ)៖ ព្យុះព្រិលនៃរដូវរងាបានបោកបក់នៅភាគកណ្តាល និងភាគខាងត្បូងអ៊ុយក្រែន បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ និង ៣នាក់ទៀតស្លាប់នៅក្នុងប្រទេសជិតខាង គឺម៉ុលដាវី ខណៈដែលព្រិល និងខ្យល់បក់ខ្លាំងបានផ្តាច់ចរន្តអគ្គិសនីសម្រាប់ទីប្រជុំជន និងភូមិរាប់រយ ក៏ដូចជាបិទផ្លូវហាយវេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
យ៉ាងហោចណាស់មនុស្សចំនួន ១៩នាក់បានរងរបួសនៅអ៊ុយក្រែន និង ១០នាក់ទៀតនៅម៉ុលដាវី។ ខ្យល់បក់ខ្លាំងបានធ្វើឲ្យព្រិលធ្លាក់មានកម្រាស់ដល់ជាង ២ម៉ែត្រនៅកន្លែងខ្លះ។
មន្រ្តីឧតុនិយមបានព្យាករណ៍ថា អាកាសធាតុកាន់តែអាក្រក់កំពុងធ្វើដំណើរមកជាមួយព្រិល និងភ្លៀងធ្លាក់នៅទូទាំងប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងតាមវីដេអូថា មនុស្ស ៥នាក់ដែលបានស្លាប់គឺនៅក្នុងតំបន់ Odesa ភាគខាងត្បូង ហើយអាចនឹងមានកន្លែងនៅផ្សេងទៀត។ ភ្នាក់ងារបន្ទាន់ បាននិយាយថា ភ្លើងនៅតែដាច់ក្នុងទីតាំង ៨៨២កន្លែង។ ការធ្វើចរាចរណ៍លើផ្លូវជាតិចំនួន ១០ត្រូវបានផ្អាក ហើយរថយន្តជាង ១៥០០គ្រឿងកំពុងជាប់គាំង។ រីឯសាលារៀននានាត្រូវបានបិទទាំងនៅភាគខាងត្បូងអ៊ុយក្រែន និងនៅម៉ុលដាវី។
គួរបញ្ជាក់ថា ប្រឈមមុខនឹងអាកាសធាតុដ៏ត្រជាក់ ទាហានអ៊ុយក្រែនរាប់ម៉ឺននាក់ដែលកំពុងឈរជើងនៅតំបន់ជួរមុខក៏មានការភ័យខ្លាចថារុស្ស៉ីអាចវាយប្រហារលើបណ្តាញអគ្គិសនី ព្រមទាំងការវាយប្រហារតាមអាកាសនៅក្នុងរដូវរងានេះ៕