(ម៉ាឌ្រីដ)៖ ប្រទេសអារ៉ាប់ និងសហភាពអឺរ៉ុបបានយល់ស្របគ្នាក្នុងកិច្ចប្រជុំមួយនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ដំណោះស្រាយរដ្ឋពីរគឺជាចម្លើយចំពោះជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល ដោយប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell និយាយថា អាជ្ញាធរប៉ាឡេស្ទីនគួរតែជាអ្នកគ្រប់គ្រងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Borrell បាននិយាយថា សមាជិកសហភាពអឺរ៉ុបដែលមកចូលរួមកិច្ចប្រជុំនៅក្នុងទីក្រុងបាសេឡូណា ស្ទើរតែទាំងអស់ បានយល់ស្របលើតម្រូវការសម្រាប់ដំណោះស្រាយរដ្ឋពីរ។ អាជ្ញាធរប៉ាឡេស្ទីនត្រូវតែរៀបចំការបោះឆ្នោតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានភាពស្របច្បាប់បន្ថែម និងធ្វើឲ្យតួនាទីរបស់ខ្លួនកាន់តែប្រសើរឡើង ហើយនេះជាគឺដំណោះស្រាយតែមួយគត់សម្រាប់ការដឹកនាំអនាគតតំបន់ហ្គាហ្សា ដែលបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហាម៉ាស។ ចំណែក រដ្ឋមន្ត្រីការបរទេសហ៊្សកដានី លោក Ayman Safadi បាននិយាយថា ការពិភាក្សាណាមួយជុំវិញការគ្រប់គ្រងតំបន់ហ្គាហ្សាបន្ទាប់ពីជម្លោះ គួរតែក្តោបរួមគ្នាទាំងតំបន់ West Bank និងហ្គាហ្សា ហើយប្រជាជនប៉ាឡេស្ទីនគួរតែជាអ្នកសម្រេចចិត្តថានរណានឹងមកគ្រប់គ្រងពួកគេ។

គួរបញ្ជាក់ថា ការយល់ស្របគ្នានេះធ្វើឡើងនៅចុងបញ្ចប់នៃកិច្ចប្រជុំនៃវេទិកាសហភាពតំបន់មេឌីទែរ៉ាណេ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ដែលមានសមាជិកចំនួន ៤៣នៃបណ្តាប្រទេសអឺរ៉ុប អាហ្រ្វិកខាងជើង និងមជ្ឈិមបូព៌ា ប៉ុន្តែអ៉ីស្រាអែល​មិន​បាន​ចូល​រួម​កិច្ច​ប្រជុំ​នេះទេ៕