(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់អ៉ីស្រាអែល តំបន់ West Bank និងអេមីរ៉ាត់អារ៉ាប់រួម នៅក្នុងសប្តាហ៍នេះ ខណៈដែលទីក្រុងវ៉ាស៉ីតោនមានបំណងជំរុញលំហូរជំនួយមនុស្សធម៌បន្ថែមទៀតសម្រាប់តំបន់ហ្គាហ្សា និងជួយធានាដល់ការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បញ្ជាក់ថា នៅឯអ៉ីស្រាអែល និងតំបន់ West Bank លោក Blinken នឹងពិភាក្សាអំពីសិទ្ធិរបស់អ៉ីស្រាអែលក្នុងការការពារខ្លួនស្របច្បាប់មនុស្សធម៌អន្តរជាតិ ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដល់ធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ការពារជីវិតជនស៉ីវិលក្នុងអំឡុងពេលមានការវាយប្រហារ៤បស់អ៉ីស្រាអែលនៅតំបន់ហ្គាហ្សា និងការបង្កើនលំហូរជំនួយមនុស្សធម៌សម្រាប់ជនស៉ីវិលនៅទីនោះ។

បើតាមមន្ត្រីក្រសួងការបរទេសម្នាក់ លោក Blinken ក៏នឹងពិភាក្សាពីអ្វីដែលទីក្រុងវ៉ាស៊ីនតោនចង់ឃើញនៅតំបន់ហ្គាហ្សា ប្រសិនបើអ៉ីស្រាអែលអាចកម្ទេចក្រុមហាម៉ាស់បាន រួមទាំងតម្រូវការសម្រាប់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ក៏ដូចជាចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28) នៅទីក្រុងឌូបៃ។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោក Blinken ត្រូវធ្វើដំណើរទៅកាន់ប្រទេសបែលហ្ស៉ិក ម៉ាសេដូនៀខាងជើង អ៉ីស្រាអែល West Bank និងអារ៉ាប់រួម ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ចុងសប្តាហ៍។ នេះជាដំណើរទស្សនកិច្ចលើកទី ៣ទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ផ្ទុះឡើង កាលថ្ងៃទី៧ ខែតុលា៕