(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំលោក Kim Jong Un បានទទួលនូវរូបភាពនៃសេតវិមាន មន្ទីរបញ្ចកោណ និងនាវាផ្ទុកយន្តហោះអាមេរិកនៅមូលដ្ឋានទ័ពជើងទឹក Norfolk ដែលថតដោយផ្កាយរណបស៉ើបការណ៍របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

KCNA បានសរសេរថា នេះជារូបភាពថ្មីចុងក្រោយបង្អស់នៃអ្វីដែលកូរ៉េខាងជើងហៅថាជា «តំបន់គោលដៅសំខាន់» ដែលបញ្ជូនមកដោយផ្កាយរណប ក្នុងនោះរួមមានទាំងរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង និងមូលដ្ឋានយោធាសហរដ្ឋអាមេរិក។ KCNA បានបន្ថែមថា លោក Kim ក៏បានពិនិត្យមើលរូបភាពនៃមូលដ្ឋានទ័ពអាកាស Andersen ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់សហរដ្ឋអាមេរិក ស្ថិតនៅកោះ Guam ផងដែរ ក៏ដូចជាកន្លែងផលិតនាវា និងមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិកនៅ Norfolk និង Newport ជាកន្លែងដែលមាននាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរសរុបចំនួន៤ និងនាវាផ្ទុកយន្តហោះអង់គ្លេសមួយគ្រឿងត្រូវបានគេប្រទះឃើញនៅទីនោះ។

គួរបញ្ជាក់ថា មន្ត្រីក្រុងសេអ៊ូលបាននិយាយថា សមត្ថភាពផ្កាយរណបស៉ើបការណ៍នេះ មិនអាចអាចផ្ទៀងផ្ទាត់បានទេ ដោយសារតែកូរ៉េខាងជើងមិនបានបញ្ចេញនូវរូបភាពដែលខ្លួនអះអាងថាទទួលបាននោះ៕