(ហ្ស៊េរុយសាឡិម)៖ ថ្ងៃចន្ទ ទី ២៧ វិច្ឆិកា គឺជាថ្ងៃចុងក្រោយនៃការសម្រាកឈប់បាញ់គ្នា។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងរក ការពន្យារពេលបន្ថែមទៀតដើម្បីការដោះលែងចំណាប់ខ្មាំង។ ក្រុមហាម៉ាសប៉ាឡេស្ទីន ក៏បានបង្ហាញបំណងចង់បន្តពេលសម្រាកឈប់បាញ់គ្នា បន្ទាប់ពីថ្ងៃចន្ទ ទី២៧ វិច្ឆិកា និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេថាន់យ៉ាហ៊ូ ក៏ដូចជាបង្ហាញបំណងចង់បន្តផងដែរបើទោះបីជាលោកបានព្រមានថា សង្គ្រាមនឹងបន្តភ្លាមបន្ទាប់ពីរយៈពេល៤ថ្ងៃដើម្បី បំរើគោលបំណងកម្ទេចក្រុមហាម៉ាសក៏ដោយ។

ចំណាប់ខ្មាំងនៃក្រុមទី៤ដែលត្រូវបានចាប់ពីលើទឹកដីអ៊ីស្រាអែលក្នុងព្រឹត្តិការណ៍បង្ហូរឈាម ថ្ងៃទី៧ តុលា ត្រូវបានដោះលែងនៅថ្ងៃចុងក្រោយនេះ ខណៈ ការរំពឹងថាការដោះដូរចំណាប់ ខ្មាំងនិងអ្នកទោសជនជាតិប៉ាឡេស្ទីនអាចនឹងត្រូវបន្តថែមទៀតបើទោះបីជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេថាន់ យ៉ាហ៊ូ បានព្រមានថាសង្គ្រាមនឹងបន្តឡើងវិញបន្ទាប់ពីការផ្អាកឈប់បាញ់៤ថ្ងៃនឹងអស់សុពលភាពរបស់វាក៏ដោយ។ កាលពីថ្ងៃអាទិត្យ ចំណាប់ខ្មាំងនៃ ក្រុមទីបីចំនួន១៧នាក់ត្រូវបានដោះលែងក្នុងនោះរួមមាន ក្មេងស្រីអាយុ៤ឆ្នាំសញ្ជាតិអ៊ីស្រាអែល-អាមេរិក ដែលឪពុកម្តាយរបស់នាងត្រូវបានក្រុមហា ម៉ាស សម្លាប់ក្នុងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧តុលា។

ក្មេងស្រីឈ្មោះ Avigail Idan ត្រូវបានដោះលែងជាមួយនឹងចំណាប់ខ្មាំងដទៃទៀតដែលក្នុង នោះរួមមានចំណាប់ខ្មាំងជាតិថៃចំនួន៣នាក់, ម្នាក់ជាជនជាតិ រុស្ស៊ីនិង១៣នាក់ដទៃទៀតជា ជនជាតិអ៊ីស្រាអែល។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកំពុងស្ថិតក្នុងរដ្ឋម៉ាសាឈូសិតចូលរួមក្នុងពិធីបុណ្យ Thanksgiving នៅទីនោះបានថ្លែងបង្ហាញក្តីរីករាយដែលមានការដោះលែងចំណាប់ខ្មាំងកុមារីអាយុ៤ឆ្នាំដោយលោកបានថ្លែងថា អរគុណព្រះជាម្ចាស់ ដែលបានឱ្យនាងវិលត្រឡប់មកផ្ទះវិញ។ លោកប្រធានាធិបតីបាននិយាយថាប្រសិនបើលោកនៅទីនោះ លោកនឹងបីរូប នាងជាមិនខានឡើយ។ ចំណាប់ខ្មាំងទាំង១៧នាក់នោះ ត្រូវបានប្តូរជាមួយអ្នកទោស៣៩នាក់ នៅក្នុងថ្ងៃផ្លាស់ប្តូរទី៣។

បើបូកសរុបរយៈពេល៣ថ្ងៃចុងក្រោយនេះ គឺកាលពីថ្ងៃសុក្រទី២៤វិច្ឆិកានៅថ្ងៃដោះដូរដំបូង, ចំណាប់ខ្មាំង១៣នាក់ ត្រូវបានដោះលែង និងនៅថ្ងៃសៅរ៍ ទី២៥វិច្ឆិកា, ចំណាប់ខ្មាំង១៣នាក់ជាបន្ថែមទៀតត្រូវបានដោះលែង។ ដូច្នេះ ក្នុងរយៈពេល២ថ្ងៃដំបូង គឺថ្ងៃទី ២៤និង២៥វិច្ឆិកានោះ, អ៊ីស្រាអែលក៏បាន ប្រគល់អ្នកទោសប៉ាឡេស្ទីន ៧៨នាក់ឱ្យទៅក្រុមហាម៉ាសវិញផងដែរ។ បើបូកផ្សំនឹងថ្ងៃអាទិត្យទី២៦ វិច្ឆិកាដែលមានការដោះលែងចំណាប់ខ្មាំង១៧នាក់ ថែមទៀតនោះ, គឺចំណាប់ដោះលែងក្នុងរយៈពេល៣ ថ្ងៃដំបូងមានសរុបចំនួន៤៣នាក់ហើយគ្រាដែលអ្នក ទោសប៉ាឡេស្ទីន១១៧នាក់ ក៏ត្រូវបានប្រគល់ មកក្រុមហាម៉ាសវិញ។

យោងតាមការកំណត់, កិច្ចឈប់បាញ់គ្នា៤ថ្ងៃលើកដំបូង ដែលនឹងបញ្ចប់នៅថ្ងៃចន្ទនេះ គឺការ ផ្លាស់ប្តូរចំណាប់៥០នាក់ដើម្បីយកអ្នកទោសប៉ាឡេស្ទីន សរុបចំនួន១៥០នាក់។ ដំណើរការផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយនឹងអ្នកទោសប៉ាឡេស្ទីន រយៈពេល៣ថ្ងៃមកនេះ មានដំណើរយ៉ាងប្រុងប្រយ័ត្នយ៉ាង ក្រៃលែង។ ប្រទេសអេហ្ស៊ីប, ប្រទេសកាតា និងសហរដ្ឋអាមេរិក បានជំរុញជាបន្តថែមទៀតឱ្យមានការឈប់បាញ់ជាមួយការផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោសជាតិប៉ាឡេស្ទីនក្រោយរយៈពេល៤ថ្ងៃនៃដំណាក់កាលឈប់បាញ់គ្នាលើកដំបូងដែលនឹងកន្លងផុតបន្ទាប់ថ្ងៃចន្ទចុងក្រោយនេះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេថាន់យ៉ា ហ៊ូ បានថ្លែងប្រាប់កងកម្លាំងអ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សាថា «គ្មានអ្វីនឹងអាចរារាំងយើងបាន ឡើយ»។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានប្រាប់ប្រធានាធិបតីអាមេរិកមុននេះថា លោកនឹងបន្តការឈប់បាញ់ក្នុងលក្ខខណ្ឌថាឈប់បាញ់ មួយថ្ងៃ ត្រូវដោះលែងចំណាប់ខ្មាំង ១០នាក់ឱ្យវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីណេថាន់ យ៉ាហូមិនចង់ឱ្យមាន ការសម្រាកឈប់បាញ់គ្នាយូរពេកឡើយដោយសារតែមិនបំរើនូវគោលដៅសំខាន់របស់លោកដែលប្តេជ្ញាការកម្ទេចក្រុមហាម៉ាសឱ្យអស់។

បើយោងតាមសេចក្តីរាយការណ៍មួយកាលពីថ្ងៃអាទិត្យបានបញ្ជាក់ថា ក្រុមហាម៉ាសក៏បានថ្លែងថាគេស្វែងរកការបន្តឈប់បាញ់គ្នារយៈពេល២ ឬ៤ថ្ងៃ ជាបន្ថែមទៀត ប្រសិនណាបើអ៊ីស្រាអែលបង្កើនចំនួនដោះលែងអ្នកទោសប៉ាឡេស្ទីន។ ប្រធានាធិបតីអាមេរិក បានថ្លែងថាលោកសង្ឃឹមថានឹងមាន ការផ្អាកឈប់បាញ់គ្នាជាបន្តទៀតក្រោយរយៈពេល៤ថ្ងៃនឹងបញ្ចប់ដើម្បីឱ្យមានការដោះលែងចំណាប់ខ្មាំងកាន់តែច្រើនថែមទៀត។ លោក ចូ បៃដិន បាននិយាយថាបំណងរបស់លោក គឺបន្តរក្សាការផ្អាកបាញ់គ្នាឱ្យហួសពីថ្ងៃអង្គារ៍ ស្អែកនេះទៀត។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ណេថាន់យ៉ាហ៊ូ ដែលបាន ចុះជួបជាមួយទាហានអ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យទី២៦វិច្ឆិកានោះ បាននិយាយថាគេនឹងបន្តការវាយប្រហារគ្នាវិញក្រោយ ការឈប់បាញ់គ្នារយៈពេលបួនថ្ងៃនេះរួចដើម្បីបន្តសម្រេចនូវគោល ដៅរបស់លោកដែលប្តេជ្ញាការកម្ទេចក្រុមហាម៉ាសឱ្យអស់ពីរង្វង់ទឹកដីនៃ តំបន់ហ្គាហ្សា។

* អំពើហិង្សាបន្តធ្វើនៅក្រៅតំបន់ហ្គាហ្សា បើទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា

នៅទន្ទឹមនឹងការសម្រាកបាញ់គ្នាក្នុងតំបន់ហ្គាហ្សានោះ ពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ West Bank ត្រូវបានកងកម្លាំងអ៊ីស្រាអែលបន្តបាញ់សម្លាប់។ សេចក្តីរាយការណ៍របស់អាល់ហ្សា ហ្ស៊ីរ៉ា បានឱ្យដឹងថាពលរដ្ឋប៉ាឡេស្ទីន៨នាក់រួមទាំងកុមារម្នាក់ផង ក្នុងតំបន់ West Bank បានបាញ់សម្លាប់ក្នុង ការសម្រុកចូលបាញ់រះក្នុងតំបន់ Jenin និងបានឡោមព័ទ្ធមន្ទីរពេទ្យរដ្ឋាភិបាល និងជាទីស្នាក់ការរបស់ក្រុមអឌ្ឍចន្ទក្រហម។ ការសម្លាប់មនុស្ស៨នាក់ កាលពីយប់ថ្ងៃសៅរ៍នោះ បាននាំឱ្យជីវិតពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ West Bank បានស្លាប់សរុប ២៣៩នាក់ ហើយគិតចាប់តាំងពីថ្ងៃទី៧តុលា ឆ្នាំ២០២៣នោះមក។ សេចក្តីរាយការណ៍បានដកស្រង់សម្តីមន្ត្រីយោធាអ៊ីស្រាអែល ដែលបញ្ជាក់ថាគេកំពុងពិនិត្យមើលអំពីរបាយការណ៍ ដែលមាន ការបាញ់សម្លាប់មនុស្សនេះ។

ការវាយប្រហារនេះ បានទន្ទឹមនឹងការដាក់ចេញបទឈប់បាញ់គ្នាបួន ថ្ងៃក្នុងតំបន់ហ្គាហ្សាដែលមានពលរដ្ឋប៉ាឡេស្ទីនបានស្លាប់ប្រមាណជិត ១ម៉ឺន៥ពាន់នាក់ រួមទាំងកុមារជាង ៦ពាន់នាក់ដោយសារតែកំហឹងសងសឹកការសម្លាប់ពលរដ្ឋ១ពាន់២០០នាក់ របស់ក្រុមហាម៉ាសលើទឹកដីអ៊ីស្រាអែល ក្នុងព្រឹត្តិការណ៍ថ្ងៃទី៧តុលាឆ្នាំ២០២៣។ នៅជាមួយគ្នានេះដែរ, ក្រុមយុទ្ធជនឥស្លាមដែលប្តេជ្ញាប្រឆាំងអ៊ីស្រាអែល ក៏មិនបានបញ្ឈប់សកម្មភាពរករឿង ដាក់លើអ៊ីស្រាអែលដែរឡើយ។ ក្រុមយុទ្ធជនហ៊ូធីនៃប្រទេសយេម៉ែន បានប្រកាសមុននេះថានឹងស្វែងរកកប៉ាល់អ៊ីស្រាអែលណាដែលធ្វើដំណើរ ក្នុងសមុទ្ទក្រហម។ ក្រុមHouthi ដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីសប្តាហ៍មុនបានចេញផ្សាយវី ដេអូរបស់ខ្លួនដែលបង្ហាញពីកងកុម្ម៉ង់ដូឥស្លាមធ្វើ ការវាយឆ្មក់តាមឧទ្ធម្ភាគចក្រប្លន់យកនាវា Galaxy Leader ដែលធ្វើដំណើរឆ្លងកាត់សមុទ្ទក្រហម និងនាវាដែលបានប្លន់នោះ ត្រូវបានអូសយកទៅដាក់ នៅក្នុងតំបន់ដែនទឹកប្រទេសយេម៉ែន។

កាលពីថ្ងៃអាទិត្យសេចក្តីរាយការណ៍ បង្ហាញថាក្រុមហ៊ូធីនៃប្រទេសយេម៉ែនប៉ុនប៉ងចង់ប្លន់ យកនាវាដឹកទំនិញមួយគ្រឿងទៀតដែល ជាកម្មសិទ្ធិរបស់ មហាសេដ្ឋីម្នាក់របស់អ៊ីស្រាអែល។ ទូរទស្សន៍ Fox News របស់សហរដ្ឋអាមេរិកបានរាយការណ៍ថាក្រុមយុទ្ធជនឥស្លាមហ៊ូធី នៃប្រទេសយេម៉ែនបានបាញ់ មីស៊ីលបាលីស្ទីកចំនួន ២គ្រាប់សម្តៅដាក់លើនាវាចម្បាំងអាមេរិក មួយគ្រឿងកាលពីល្ងាចថ្ងៃអាទិត្យទី២៦ វិច្ឆិកាក្នុងឈូងសមុទ្ទ Aden បន្ទាប់ពីក្រុមហ៊ូធី នេះបានបរាជ័យក្នុងការស្ទាក់ចាប់កប៉ាល់ពាណិជ្ជកម្មមួយដែលជាកម្មសិទ្ធិគ្រួសារមហាសេដ្ឋី Eyal Ofer នៃប្រទេសអ៊ីស្រាអែល។

សេចក្តីរាយការណ៍បាននិយាយថានាវាពិឃាតចំនួន ២គ្រឿងបានតាមដានការបាញ់មីស៊ីបាលីស្ទីកទាំង២គ្រាប់របស់ក្រុមហ៊ូធី ដែលបាញ់ខុសគោលដៅ ធ្លាក់នៅក្នុងឈូងសមុទ្ទ Aden។ ហេតុការណ៍បាញ់ខុសគោលដៅនេះ គឺនៅបន្ទាប់ពីមានការប៉ុនប៉ងស្ទាក់ចាប់កប៉ាល់ Central Park ដែលដឹកទំនិញ អាស៊ីតហ្វូសហ្វ័រ Phosphoric acid នៅក្នុងតំបន់ឈូងសមុទ្ទ Aden។ កប៉ាល់ Central Park ដែលដឹកទំនិញនោះ ត្រូវគេរាយការណ៍ថាបានបញ្ជួនសញ្ញា មិនល្អមួយដែលបញ្ជាក់អំពើប៉ុនប៉ងចង់ប្លន់កប៉ាល់ ដែលសញ្ញានោះបានប្រញាប់ឱ្យនាវាពិឃាត USS Mason របស់សហរដ្ឋអាមេរិកដែលស្ថិត ក្នុងដែន សមុទ្ទ Aden ត្រូវធ្វើការឆ្លើយតបដើម្បីការពារកប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែលនោះ។

សេចក្តីរាយការណ៍បានឱ្យដឹងដែរថានៅមាននាវាពិឃាតមួយគ្រឿងរបស់ប្រទេសជប៉ុន ដែលបានជួយសហការជាមួយនឹងនាវាពិឃាត USS Mason អាមេរិកក្នុងពេលជួយសង្គ្រោះកប៉ាល់ដឹកទំនិញអ៊ីស្រាអេលក្នុងពេលនោះ។ សេចក្តីរាយការណ៍បានរៀបរាប់បញ្ជាក់ក្បោះក្បាយថា នៅមុនពេល ដែលក្រុម ចោរសមុទ្ទទាំងនោះ បានធ្វើសកម្មភាពចង់ចូលគ្រប់គ្រងលើកប៉ាល់ទឹកទំនិញនោះ, ពួកនាវិកនៅលើកប៉ាល់ដឹកទំនិញ បាននាំគ្នារត់ចូលពួនក្នុងបន្ទប់ ពិសេសមួយដែលជាបន្ទប់អាចការពារគ្រាប់បាញ់ទម្លុះពីខាងក្រៅ។ ពីក្នុងបន្ទប់សុវត្ថិភាពនោះហើយ ពួកគេបានបញ្ជូនសញ្ញាដើម្បីរកការជួយសង្គ្រោះ
សេចក្តីរាយការណ៍បានបន្តថាដោយពួកចោរសមុទ្ទនោះមិនអាចចាប់ពួកនាវិកទាំងនោះបាន, ពួកចោរទាំងនោះ បានប្រញាប់នាំគ្នាជិះលើកូនទូកតូច រត់ចាកពីកប៉ាល់ចេញសំដៅទៅប្រទេសយេម៉ែន។

ប៉ុន្តែនាវាពិឃាតអាមេរិក និងនាវាពិឃាតរបស់ជប៉ុន ដែលបានឆ្លើយតបនឹងសភាពការណ៍ បានដេញតាមក្រុមចោរសមុទ្ទទាំងនោះ ដែលទូករបស់ពួកគេ បានធ្វើដំណើរអមនឹងឧទ្ធម្ភាគចក្រមួយគ្រឿងដែលស្ថិតនៅលើកប៉ាល់ និងទីបំផុតគេបានចាប់មនុស្សសង្ស័យចំនួន៥នាក់ និងបានយកជនទាំង៥នាក់ នោះធ្វើការសួរចម្លើយ។ សេចក្តីរាយការណ៍បញ្ជាក់ថាខណៈដែលមនុស្សទាំង៥នាក់កំពុងស្ថិតក្រោមការចាប់ខ្លួននោះ កងកម្លាំងហ៊ូធីនៃប្រទេសយេម៉ែន បានបាញ់ មីស៊ីបាលីស្ទីកចំនួន២គ្រាប់សំដៅមកនាវាពិឃាត USS Mason និងកប៉ាល់ដឹកទំនិញ។ មីស៊ីលបាលីស្ទីកទាំង២គ្រឿង បានធ្លាក់ខុស គោលដៅចម្ងាយប្រមាណ១០ម៉ាយល៍ពីនាវាទាំង២។

ក្នុងហេតុការណ៍ដែលកើតឡើងនោះ មិនមានសេចក្តីរាយការណ៍អំពីមនុស្សបានរងគ្រោះថ្នាក់ឡើយ។ នាពេលនេះ ខណៈការផ្អាកបាញ់បួនថ្ងៃនឹង មកដល់ប៉ុន្មានម៉ោងខាងមុខនេះ សេចក្តីរាយកាណ៍បានបង្ហាញនូវក្តីសង្ឃឹមតិចតួចថានឹងអាចមានការបន្តឈប់បាញ់តិចតួចថែមទៀត។ ក្រុមហាម៉ាស់ បាននិយាយថាគេក៏ចង់បានបន្តការផ្អាកបាញ់គ្នានេះដែលការចង់ពន្យាពេល នោះបានស្វែងរកការឈប់បាញ់បន្តរយៈពេល២ទៅបួនថ្ងៃដែលគេនឹងអាច ដោះលែងចំណាប់ខ្មាំងពី២០ទៅ៤០នាក់…ហើយគេក៏មានក្តីសង្ឃឹមខ្លះដោយសារតែមានសម្តីរបស់ប្រធានាធិបតីអាមេរិក លោក ចូ​ បៃដិនដែល និយាយថាលោកចង់ឃើញមានការពន្យាពេលជាបន្ថែមទៀត។

ដោយឡែកកាលពីល្ងាចថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេថាន់យ៉ាហ៊ូ បានថ្លែងបង្ហាញចង់ឱ្យមានការពន្យាពេលតិចតួចខ្លះនៃ ការឈប់បាញ់គ្នាដែលអ្វីទាំងនោះហើយ បាននាំឱ្យមានក្តីសង្ឃឹមខ្លះថានឹងអាចមានការពន្យារ ពេលឈប់បាញ់គ្នាជាបន្តថែមទៀត ប៉ុន្តែក្តីបារម្ភនៃ ភាពប្រែប្រួលនៃក្តីសង្ឃឹមនេះ ក៏នៅតែកើតមានផងដែរ។ គេនឹងរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងនៅថ្ងៃអង្គារ៍ទី២៨វិច្ឆិកាក្នុងតំបន់ហ្គាហ្សា៕