(សៀងហៃ)៖ មន្ត្រីមួយរូបរបស់អង្គការសុខភាពពិភពលោក WHO បាននិយាយថាការកើនឡើងជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសចិន គឺមិនស្ថិតនៅក្នុង កម្រិតខ្ពស់ដូចកាលពីមុនពេលនៃការផ្ទុះឡើងនូវជំងឺកូវីដ១៩នោះទេ ហើយក៏មិនមានមេរោគថ្មី ឬក៏មេរោគមិនប្រក្រតីណាមួយត្រូវបានរកឃើញ ក្នុង ករណីឆ្លងកាលពីពេលថ្មីៗនេះនោះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Maria Van Kerkhove ជានាយកស្ដីទីនៃនាយកដ្ឋានគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ WHO បានឱ្យដឹងថាការកើនឡើងទំនងជាមានជាប់ ពាក់ព័ន្ធនឹងការកើនឡើងនៃចំនួនកុមារដែលបានឆ្លងមេរោគ ដែលការរឹតត្បិតប្រឆាំងកូវីដ១៩ រយៈពេល២ឆ្នាំបានជួយបង្ការពួកគេពីមេរោគទាំងនោះ។

លោកស្រី Van Kerkhove បានគូសបញ្ជាក់ដូច្នេះ «យើងត្រូវបានស្នើសុំឱ្យធ្វើការប្រៀបធៀបទៅនឹងមុនពេលផ្ទុះឡើងកូវីដ១៩ ហើយរលកឆ្លងដែល ពួកគេ (ចិន) កំពុងជួបប្រទះ គឺចំណុចកំពូលមិនស្ថិតនៅកម្រិតខ្ពស់ដូចដែលពួកគេបានឃើញអំឡុងឆ្នាំ២០១៨ ដល់២០១៩នោះទេ»។ លោកស្រី បន្តថា «មិនមានសញ្ញាបញ្ជាក់ពីការផ្ទុះឡើងនូវមេរោគថ្មីនោះទេ ហើយនេះជាអ្វីដែលត្រូវបានរំពឹងទុក ពោលគឺនេះជាអ្វីដែលបណ្ដាប្រទេសភាគច្រើន បានប្រឈមមុខដោះស្រាយអស់រយៈពេល១ឆ្នាំ ឬ២ឆ្នាំមកនេះ»។

គួរបញ្ជាក់ថា អ្នកនាំពាក្យគណៈកម្មការសុខាភិបាលជាតិចិន លោក Mi Feng បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថាការកើនឡើង នៃជំងឺផ្លូវដង្ហើម គឺបណ្ដាលមកពីមេរោគដែលគេបានស្គាល់រួចហើយ ជាពិសេសគឺមេរោគបង្កជំងឺ influenza។ WHO កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ក៏បានបញ្ជាក់ដែរថាមិនមានករណីផ្ទុះឡើងនូវមេរោគថ្មី ឬមេរោគចម្លែកណាមួយដែលគេមិនស្គាល់ត្រូវបានរកឃើញនោះដែរ៕