(តៃប៉ិ)៖ អតីត និងមន្ត្រីយោធាតៃវ៉ាន់បច្ចុប្បន្ន ១០នាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការនៅថ្ងៃចន្ទសប្ដាហ៍នេះពីបទធ្វើចារកម្មសម្រាប់ទីក្រុងប៉េកាំង ក្នុងនោះរួមមានទាំងមន្ត្រីយោធា ២នាក់ ដែលបានបង្ហោះវីដេអូសុំចុះចាញ់យោធាចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមក្រុមរដ្ឋអាជ្ញាតៃវ៉ាន់ ជនជាប់ចោទ៣នាក់ ក្នុងចំណោម១០នាក់ខាងលើត្រូវបានចោទប្រកាន់ពីបទប្រមូលព័ត៌មានយោធា ដើម្បីជួយបង្កើត «បណ្ដាញមួយ» ឱ្យចិន ហើយ៤នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ថាបានប្រគល់ព័ត៌មានយោធាសម្ងាត់ៗជាច្រើន ទៅឱ្យទីក្រុងប៉េកាំងជាថ្នូរនឹង លុយ តែមិនមានការបញ្ជាក់ពីប្រភេទព័ត៌មានសម្ងាត់ទាំងនោះឡើយ។ ដោយឡែក មន្រ្តីយោធាតៃវ៉ាន់ ២នាក់ទៀត ត្រូវបានចោទប្រកាន់ពីបទជួយចិន «ធ្វើសង្រ្គាមចិត្តសាស្ត្រ» តាមរយៈការបង្ហោះវីដេអូដែលពួកគេបាននិយាយថា «ខ្ញុំមានឆន្ទៈចុះចាញ់កងទ័ពរំដោះប្រជាជនចិន»។ ចំណែក ជនជាប់ ចោទចុងក្រោយគេ ជាប់ចោទថាបានលួចព័ត៌មានសម្ងាត់ពីកន្លែងសុវត្ថិភាព នៅឯកន្លែងធ្វើការរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ អតីតមន្ត្រីកងទ័ពអាកាសតៃវ៉ាន់ម្នាក់មានតំណែងវរសេនីយ៍ឯក ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ ពីបទធ្វើចារកម្មឱ្យទីក្រុងប៉េកាំង និងលក់ព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ។ កាលពីខែសីហាកន្លងទៅ បុរសជាអ្នកជំនួញតៃវ៉ាន់ និងកូនប្រុសរបស់លោក ត្រូវបានចោទប្រកាន់ពីបទជ្រើសរើសទាហាន២នាក់ ដែលត្រូវបានចោទថាបានជួយអ្នកទាំង២ ប្រមូលទិន្នន័យឱ្យចិន អំពី សមយុទ្ធយោធាឈ្មោះ Han Kuang ដែលជាសមយុទ្ធយោធាធំបំផុតរបស់តៃវ៉ាន់៕