(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកានេះបានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងធ្វើដំណើរទៅកាន់ ទីក្រុងញូវយ៉ក ក្នុងសប្ដាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបញ្ជាក់ថា «ក្នុងនាមជាប្រធានប្ដូរវេននៃ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិនៅក្នុងខែវិច្ឆិកានេះ ចិននឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់មួយស្ដីពីបញ្ហាអ៉ីស្រាអែល និងប៉ាឡេស្ទីន នៅថ្ងៃទី២៩ ខែវិច្ឆិកា»។ លោក Wang Wenbin បន្ថែមថាលោក វ៉ាង យី នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ។

គួរបញ្ជាក់ថា ក្រុមហាម៉ាសបានបើកការវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងចាប់មនុស្សជាង២៤០នាក់ជាចំណាប់ខ្មាំង។ ជាការសងសឹក អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកយ៉ាងសម្បើម លើតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ដោយសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ១៥,០០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិលដែលមាន ទាំងកុមាររាប់ពាន់នាក់។

ចិនវិញកាលពីសប្ដាហ៍មុន បាននិយាយថាខ្លួនស្វាគមន៍បទឈប់បាញ់បណ្ដោះអាសន្នរវាងអ៉ីស្រាអែល និងហាម៉ាស ដែលបានចូលជាធរមាន កាលពីថ្ងៃសុក្រសប្ដាហ៍មុនមក និងបានឈានទៅដល់ការដោះលែងចំណាប់រាប់សិបនាក់ ដោះដូរជាមួយការដោះលែងអ្នកទោសប៉ាឡេស្ទីនជាង ១០០នាក់ចេញពីពន្ធនាគារអ៉ីស្រាអែល។ ប៉ុន្តែបទឈប់បាញ់មានរយៈពេល៤ថ្ងៃនេះ បានឈានចូលដល់ថ្ងៃចុងក្រោយហើយនៅថ្ងៃចន្ទនេះ។

ចិន កន្លងមកបានបង្ហាញការគាំទ្រដល់បុព្វហេតុប៉ាឡេស្ទីន និងដំណោះស្រាយរដ្ឋ២ ដើម្បីបញ្ចប់ជម្លោះអ៉ីស្រាអែល និងប៉ាឡេស្ទីន ហើយលោក ប្រធានាធិបតី ស៊ី ជិនពីង ក៏ធ្លាប់បានអំពាវនាវឱ្យមានសន្និសីទអន្តរជាតិមួយស្ដីពីសន្តិភាពផងដែរ ដើម្បីដោះស្រាយបិទបញ្ចប់ជម្លោះ៕

រូបភាពពី AFP