(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបាននិយាយថាលោកប្រធានាធិបតី ចូ បៃដិន នឹងមិនទៅចូលរួម កិច្ចប្រជុំកំពូលស្ដីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 នៅក្នុងទីក្រុងឌូបៃ (Dubai) នោះទេ ២ឆ្នាំក្រោយចូលរួមក្នុង កិច្ចប្រជុំកំពូលនេះដើម្បីបង្ហាញពីភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកចូលរួមប្រហែលជា ៧០,០០០នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំមកពីបណ្ដាប្រទេសនានា និងសម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស ត្រូវបានរំពឹងថានឹងមានវត្តមាននៅឯកិច្ចប្រជុំ COP28 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែ កាលវិភាគសម្រាប់លោក បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ចេញផ្សាយដោយសេតវិមានបានបង្ហាញថាទាំងលោក បៃដិន និងលោកស្រី Harris នឹងមិនធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ដើម្បីចូលរួមកិច្ចប្រជុំ COP28 ក្នុងសប្ដាហ៍នេះនោះទេ។

តាមកាលវិភាគដដែល លោក បៃដិន នឹងត្រូវធ្វើដំណើរទៅកាន់រដ្ឋ Colorado ដើម្បីគូសបញ្ជាក់ពីការវិយោគរបស់សហរដ្ឋអាមេរិកលើវិស័យ ថាមពលផលិតដោយខ្យល់ ហើយត្រូវជួបជាមួយប្រធានាធិបតីនៃប្រទេសអង់ហ្គោឡា និងចូលរួមពិធីតុបតៃងដើមឈើគ្រីស្មាស។ មន្ត្រីអាមេរិក ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក៏បានឱ្យដឹងដែរថារដ្ឋបាលលោក បៃដិន កំពុងពិភាក្សានៅឡើយថាតើត្រូវបញ្ជូនមន្ត្រីជាន់ខ្ពស់អាមេរិករូប ណាទៅកាន់ទីក្រុងឌូបៃ។

គួរបញ្ជាក់ថា ខាងសេតវិមាន មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃអវត្តមានរបស់លោក ចូ បៃដិននោះទេ។ តែលោក បៃដិន បច្ចុប្បន្នកំពុងផ្តោត ជាសំខាន់លើសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស រួមទាំងជាប់រវល់នឹងកិច្ចការនៅក្នុងស្រុក ត្រៀមសម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៤៕