(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកានេះបានប្ដេជ្ញាជាថ្មីថានឹងបន្តអនុវត្តសិទ្ធិអធិបតេយ្យរបស់ខ្លួន ក្នុងនោះរួមមានទាំងការបាញ់ បង្ហោះផ្កាយរណបបន្ថែម ខណៈមានសេចក្ដីរាយការណ៍ថាទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយទាហាន និងអាវុធធុនធ្ងន់ឡើងវិញ នៅតំបន់ព្រំដែន ជាប់ជាមួយកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA តាមរយៈការដកស្រង់សម្ដីពីក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ទៀតថាការបាញ់បង្ហោះផ្កាយរណបស៊ើប ការណ៍ដំបូងបំផុតកាលពីសប្ដាហ៍មុន ត្រូវបានជំរុញដោយភាពចាំបាច់ ដើម្បីតាមដានសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់ទីក្រុងវ៉ាស៊ីនតោន។ KCNA បានគូសបញ្ជាក់ដូច្នេះថា «វាជាសិទ្ធិស្របច្បាប់ និងគ្រាន់តែជាមធ្យោបាយក្នុងការអនុវត្តសិទ្ធិអធិបតេយ្យរបស់ ខ្លួនតែប៉ុណ្ណោះ ព្រមទាំងជាការឆ្លើយតប ក៏ដូចជាតាមដានសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ្នកហែរហមរបស់ពួកគេ»។

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃចន្ទនេះក៏បានរាយការណ៍ដែរថា កូរ៉េខាងជើង បានដាក់ពង្រាយទាហាន និងអាវុធធុនធ្ងន់ឡើងវិញនៅតាមប៉ុស្តិ៍យាមស្ថិតនៅក្បែរព្រំដែនជាមួយកូរ៉េខាងត្បូង បន្ទាប់ពីបានប្រកាសរៀងៗខ្លួនពីការព្យួរកិច្ចព្រមព្រៀង យោធាអន្តរកូរ៉េ។

នៅក្រោមកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ កូរ៉េទាំង២ បានបំផ្លាញប៉ុស្តិ៍យាមចំនួន១០ ក្នុងចំណោមប៉ុស្តិ៍យាមទាំង ១១ទីតាំង នៅឯតំបន់ព្រំដែនគ្មានយោធា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបង្ការកុំឱ្យជម្លោះប្រដាប់អាវុធផ្ទុះឡើងជាយថាហេតុណាមួយ៕

រូបភាពពី Reuters