(ហ្ស៊េរុយសាឡិម)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកផ្ទាល់សង្ឃឹមថាបទឈប់បាញ់បណ្ដោះអាសន្នរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស អាចបន្តសុពលភាព ដរាបណាចំណាប់ខ្មាំងត្រូវបានដោះលែង បន្ទាប់ពីក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង១៧នាក់បន្ថែម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក បៃដិន បានបង្ហាញពីក្ដីសង្ឃឹមថា បទឈប់បាញ់រយៈពេល ៤ថ្ងៃដែលបានចូលជាធរមានកាលពីថ្ងៃសុក្រសប្ដាហ៍នេះ អាចនឹងត្រូវបានពន្យារបន្ថែម។ លោក បៃដិនបានបញ្ជាក់ ដូច្នេះថា «វាជាគោលដៅរបស់ខ្ញុំ វាជាគោលដៅរបស់យើង ក្នុងការរក្សាបទឈប់បាញ់ឱ្យពន្យារលើសពីថ្ងៃស្អែក (ថ្ងៃចន្ទ)។ ដូច្នេះយើងអាចបន្ត មើលឃើញចំណាប់ខ្មាំងត្រូវបានដោះលែង និងលំហូរជំនួយមនុស្សធម៌កាន់តែច្រើនចូលទៅក្នុងតំបន់ហ្កាហ្សា»។

គួរបញ្ជាក់ថា បើតាមលោក ចូ បៃដិន ចំណាប់ខ្មាំងសរុប ៥៨នាក់ ត្រូវបានដោះលែងដោយក្រុមហាម៉ាស អំឡុងបទឈប់បាញ់បណ្ដោះអាសន្ន រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ ក្រុមហាម៉ាសវិញត្រូវបានរាយការណ៍ដែរថាមានបំណងពង្រីកបទឈប់បាញ់បន្ថែម ខណៈបទឈប់បាញ់ បានឈានចូលដល់ថ្ងៃទី៤ហើយ នៅថ្ងៃចន្ទនេះដែលជាកាលបរិច្ឆេទផុតកំណត់ ស្របពេលនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu អះអាងថានឹងបន្តធ្វើសង្រ្គាមដើម្បីសម្រេចគោលដៅកម្ទេចក្រុមហាម៉ាស៕

រូបភាពពី Reuters