(សេអ៊ូល)៖ កូរ៉េខាងជើង បានដាក់ពង្រាយទាហាន និងអាវុធធុនធ្ងន់ឡើងវិញនៅតាមប៉ុស្តិ៍យាម ស្ថិតនៅក្បែរព្រំដែនជាមួយកូរ៉េខាងត្បូង បន្ទាប់ពីបានប្រកាសរៀងៗខ្លួនពីការព្យួរកិច្ចព្រមព្រៀងយោធារវាងកូរ៉េទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

Yonhap ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធាកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូង បានប្រទះ ឃើញការកើនឡើងសកម្មភាពនៅទូទាំងតំបន់ព្រំដែន ក្រោយកូរ៉េខាងជើងប្រកាសថានឹងស្ដារឡើងវិញនូវរាល់វិធានការយោធាទាំងអស់ ដែលត្រូវបានបញ្ឈប់ក្រោមកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ជាការឆ្លើយតបទៅនឹងកូរ៉េខាងត្បូង ដែលបានសម្រេចចិត្តព្យួរផ្នែកខ្លះ នៃកិច្ចព្រមព្រៀងនេះ ជាការឆ្លើយតបទៅនឹងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់ទីក្រុងព្យុងយ៉ាង កាលពីពេលថ្មីៗនេះ។

តាម Yonhap យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាទាហានកូរ៉េខាងជើងប្រដាប់ដោយអាវុធធុនធ្ងន់ ត្រូវបានប្រទះឃើញកំពុងស្ដារប៉ុស្តិ៍យាម ដែលត្រូវបានបំផ្លាញឡើងវិញ នៅតាមទីតាំងជាច្រើនចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក។

គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ កូរ៉េទាំង២ បានបំផ្លាញប៉ុស្តិ៍យាមចំនួន១០ ក្នុងចំណោមប៉ុស្តិ៍យាមទាំង ១១ទីតាំង នៅឯតំបន់ព្រំដែនគ្មានយោធា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបង្ការកុំឱ្យជម្លោះប្រដាប់អាវុធផ្ទុះឡើងជាយថាហេតុណាមួយ៕