(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna បាននិយាយថាប្រទេសរបស់លោកស្រីសង្ឃឹមថាបទឈប់បាញ់បណ្ដោះអាសន្ន នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នឹងត្រូវអូសបន្លាយរហូតដល់ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងទាំងអស់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានដោះលែងចំណាប់ខ្មាំងក្រុមទី៣ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនចេញពី ពន្ធនាគារអ៉ីស្រាអែល អំឡុងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃសុក្រសប្ដាហ៍មុនមក។ ប៉ុន្តែ អ៉ីស្រាអែលបានប្ដេជ្ញាថាខ្លួននឹងបន្តការធ្វើ សង្រ្គាម នៅក្រោយបទឈប់បាញ់រយៈពេល៤ថ្ងៃ អស់សុពលភាព ដើម្បីបន្តបេសកកម្មកម្ទេចក្រុមហាម៉ាស។

យ៉ាងណាក៏ដោយ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង BFMTV លោកស្រី Catherine Colonna បានគូសបញ្ជាក់ដូច្នេះថា «យើងស្នើឱ្យមាន ការដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយនេះនឹងក្លាយជារឿងល្អ ជាក្ដីសង្ឃឹម និងចាំបាច់ដើម្បីអាចឱ្យបទឈប់បាញ់អាចបន្តសុពលភាព»។ បើតាម លោកស្រី Colonna មិនទាន់មានចំណាប់ខ្មាំងជាជនជាតិបារាំងណាម្នាក់ត្រូវបានដោះលែងនៅឡើយទេ។

គួរបញ្ជាក់ថា​ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានស្ថិតនៅក្នុងចំណោមអ្នកដែលបានជំរុញឱ្យមានការអូសបន្លាយបទឈប់បាញ់ផងដែរ នៅ ចំពោះមុខវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរក្នុងតំបន់ហ្កាហ្សាចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក។ អ៉ីស្រាអែលបានអះអាងថាក្រុមហាម៉ាសបានចាប់ចំណាប់ខ្មាំង ២៤០នាក់ អំឡុងការវាយប្រហាររបស់ពួកគេលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់មនុស្ស ១២០០នាក់ ភាគច្រើនជាជនស៊ីវិល។

ប៉ុន្តែ ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ចាប់តាំងពីពេលនោះមកដែរ បានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ១៥,០០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងកុមាររាប់ពាន់នាក់៕