(បេរូត)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានបណ្ដាលឱ្យអាកាស យានដ្ឋានអន្តរជាតិ ក្នុងរដ្ឋធានីដាម៉ាស ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ៉ីស្រាអែលបានបើកការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ ក្នុងរដ្ឋធានីដាម៉ាស និងទីក្រុង Aleppo ជាច្រើនលើកមកហើយ ចាប់តាំងពី សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក។ អ៉ីស្រាអែលក៏ធ្លាប់បានវាយប្រហារលើតំបន់ភាគខាងលិចនៃប្រទេស ស៊ីរីផងដែរ ជាការសងសឹកទៅនឹងការបាញ់គ្រាប់រ៉ុក្កែតលើទឹកដី Golan Heights គ្រប់គ្រងដោយអ៉ីស្រាអែល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីយោធាស៊ីរីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាអ៉ីស្រាអែលបាន បាញ់មីស៊ីលចេញពីតំបន់ Golan Heights ដោយមានគោលដៅលើអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីដាម៉ាស និងតំបន់នៅជុំវិញរដ្ឋធានីស៊ីរី ដោយបង្កឱ្យមានការខូចខាតមួយចំនួន។ តែមិនបានបញ្ជាក់ថាតើមានអ្នកស្លាប់ ឬរងរបួសនៅក្នុងការវាយប្រហារនោះទេ។ ចំណែក អង្គការឃ្លាំមើល សិទ្ធិមនុស្សស៊ីរី មានមូលដ្ឋាននៅចក្រភពអង់គ្លេស ក៏បានឱ្យដឹងដែរថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលកើតមានឡើងតែប៉ុន្មានម៉ោង ប៉ុណ្ណោះ បន្ទាប់ពីអាកាសយានដ្ឋានចាប់ផ្ដើមដំណើរការជើងហោះហើរឡើងវិញ ក្រោយផ្អាកដំណើរការជាង១ខែ ដោយសារការវាយប្រហារតាមផ្លូវ អាកាសរបស់អ៉ីស្រាអែលកាលពីលើកមុន។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានបើកការវាយប្រហាររាប់រយលើកក្នុងប្រទេសស៊ីរី នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានគោលដៅលើកងកម្លាំង ប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Bashar Assad៕