(វ៉ាស៉ីនតោន)៖ មន្រ្តីការពារជាតិអាមេរិកមួយរូប បានឱ្យដឹងថា ក្រុមជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ បានរឹបអូសកប៉ាល់ដឹកប្រេង១គ្រឿង នាថ្ងៃអាទិត្យនេះ នៅឯឈូងសមុទ្រ Aden ក្បែរប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
មន្រ្តីអាមេរិកខាងលើបានប្រាប់ AFP យ៉ាងដូច្នេះថា «មានតំរុយបង្ហាញថា ក្រុមជនប្រដាប់អាវុធ ដែលមិនស្គាល់អត្តសញ្ញាណ និងមិនដឹងមានគ្នាប៉ុន្មាននាក់ឱ្យប្រាកដ ទំនងជាបានរឹបអូសកប៉ាល់ដឹកប្រេងឈ្មោះ M/V Central Park នៅតំបន់ឈូងសមុទ្រ Aden ក្បែរឆ្នេរទីក្រុងកំពង់ផែ Aden នៃប្រទេសយេម៉ែន នាថ្ងៃទី២៦ ខែវិច្ឆិកានេះ។ ខាងយោធាអាមេរិកនៅក្នុងតំបន់ កំពុងតែឃ្លាំមើលស្ថានការណ៍យ៉ាងដិតដល់»។ កប៉ាល់ដឹកប្រេងនេះ ដែលមាននាវិក២២នាក់ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុនគ្រប់គ្រងកប៉ាល់អន្តរជាតិ Zodiac Maritime Ltd ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ និងជាកម្មសិទ្ធិរបស់មហាសេដ្ឋីអ៉ីស្រាអែលម្នាក់។
គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើបានមានឡើង បន្ទាប់ពីករណីរឹបអូសកប៉ាល់ដឹកទំនិញ១គ្រឿង ដែលជាប់ពាក់ព័ន្ធជាមួយអ៉ីស្រាអែល ដោយក្រុមឧទ្ទាមហ៊ូទីយេម៉ែន ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ នៅក្នុងតំបន់ភាគខាងត្បូងសមុទ្រក្រហម ក្បែរប្រទេសយេម៉ែន កាលពីសប្តាហ៍មុន។ ក្រុមហ៊ូទីបានគំរាមកំណត់គោលដៅបន្ថែមទៀត លើកប៉ាល់ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល។ រីឯកាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្រ្តីការពារជាតិអាមេរិកម្នាក់ បានប្រាប់ថា កប៉ាល់ដឹកទំនិញ១គ្រឿងជាកម្មសិទ្ធិរបស់អ៉ីស្រាអែល បានរងការខូចខាត ក្នុងហេតុការណ៍មួយ ដែលសង្ស័យជាការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៉ីរ៉ង់ នៅមហាសមុទ្រឥណ្ឌា៕
រូបភាពពី VesselFinder