(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថា នៅថ្ងៃអាទិត្យនេះ ប្រធានទីភ្នាក់ងារចារកម្មប្រទេសកូរ៉េខាងត្បូង បានសម្រេចចុះចេញពីតួនាទី ចំពោះមុខការកើនឡើងនៃភាពតានតឹង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៉ីលបាលិស្ទីគ នៃប្រទេសជិតខាងគឺកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
Yonhap បានរាយការណ៍ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានទទួលយកការលាលែងពីមុខតំណែងរបស់ លោក Kim Kyou Hyun ដែលមានតួនាទីជា នាយកបណ្តាញស៉ើបការណ៍សម្ងាត់ជាតិ ប៉ុន្តែមិនបានបញ្ជាក់ពីហេតុផលឬខ្លឹមសារលម្អិតអ្វីឡើយ ខណៈ Yonhap បានបន្ថែមថា មន្រ្តីជាន់ខ្ពស់២រូបទៀតនៃទីភ្នាក់ងារចារកម្មនេះ ក៏បានលាលែងពីតំណែងផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង ការចុះចេញពីតំណែងទាំងនេះ ទំនងជាពាក់ព័ន្ធទៅនឹងបញ្ហានៃការគ្រប់គ្រងបុគ្គលិក ដែលបានលេចឡើងនៅក្នុងទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង តាំងតែពីខែមិថុនា ឆ្នាំនេះ។
គួរបញ្ជាក់ថា លោក Kim Kyou Hyun ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិនិងជាអ្នកការទូតអាជីព ត្រូវបានតែងតាំងឱ្យកាន់តំណែងជា ប្រមុខចារកម្មកូរ៉េខាងត្បូងកាលពីខែឧសភា ឆ្នាំ២០២២ ក្រោយជ័យជម្នះរបស់លោក Yoon ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ស្ថានការណ៍វិវត្តន៍នេះ គឺចំពេលដែលកូរ៉េខាងជើង កំពុងតែប្រឹងប្រែងពន្លឿនការអភិវឌ្ឍកម្មវិធីសព្វាវុធរបស់ខ្លួន ហើយនៅក្នុងសប្តាហ៍នេះ ទើបតែទទួលជោគជ័យ ក្នុងការនាំយកផ្កាយរណបស៉ើបការណ៍ដំបូងបំផុតរបស់ខ្លួន ទៅដាក់នៅគន្លងទីអវកាស៕
រូបភាពពី AFP