(គុយវ៉ែតស៉ីធី)៖ តុលាការកំពូលនៃប្រទេសគុយវ៉ែត នៅថ្ងៃអាទិត្យនេះ បានសម្រេចផ្តន្ទាទោសព្រះអង្គម្ចាស់ Khalid al-Jarrah al-Sabah ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃ ឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ សម្រាប់ការចាត់ចែងមិនបានត្រឹមត្រូវលើថវិកាយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចំណែកអតីតនាយករដ្ឋមន្រ្តីគុយវ៉ែត ព្រះអង្គម្ចាស់ Jaber al-Mubarak al-Sabah ដែលប្រឈមមុខការចោទប្រកាន់ស្រដៀងគ្នា ត្រូវបានតុលាការបង្គាប់ឱ្យប្រគល់ថវិកាប្រមាណ២៤០លានឌីណាគុយវ៉ែត ឬស្មើនឹងខ្ទង់៧៧៨.៦១លានដុល្លារអាមេរិក ដែលបានបាត់ចេញពីមូលនិធិយោធាយូរឆ្នាំមកហើយនោះ ត្រឡប់មកវិញ។ ព្រះអង្គម្ចាស់ Jaber បានលាលែងពីតំណែងនាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០១៩ ក្រោយ​កាន់តំណែង តាំងពីឆ្នាំ២០១១ បន្ទាប់ពីក្រុមសមាជិកសភា បានព្យាយាមស្វែងការបោះឆ្នោតដកសេចក្តីទុកចិត្តលើព្រះអង្គម្ចាស់ Khalid ដែលកាលណោះ ជារដ្ឋមន្រ្តីមហាផ្ទៃ។ ព្រះអង្គម្ចាស់ Khalid មានតំណែងជារដ្ឋមន្រ្តីការពារជាតិ កាលពីចន្លោះឆ្នាំ២០១៣-២០១៧។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ តុលាការគុយវ៉ែត បានចេញចំណាត់ការមិនធ្លាប់មានពីមុនមក ដោយបង្គាប់ឱ្យចាប់ខ្លួនព្រះអង្គម្ចាស់ទាំង២ខាងលើ ដែលជាអតីតនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តី និងជាសមាជិកសែរាជវង្សថែមទៀត។ តាមពិតទៅ កាលពីខែមីនា ឆ្នាំ២០២២ ព្រះម្ចាស់ Jaber និង ​Khalid ត្រូវបានតុលាការសម្រេចដកការចោទប្រកាន់ទាំងអស់រួចមកហើយ ប៉ុន្តែសំណុំរឿងត្រូវបានសើរើឡើងវិញ តាមការបណ្តឹងឧទ្ធរណ៍របស់ក្រុមព្រះរាជអាជ្ញាគុយវ៉ែត៕

រូបភាពពី AFP