(ហ្កាហ្សា)៖ នៅថ្ងៃអាទិត្យនេះ ក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងថា មេបញ្ជាការនៃកងពលតូចភូមិភាគខាងជើងរបស់ខ្លួន ឈ្មោះ Ahmed Al-Ghandour ព្រមទាំងមេបញ្ជាការយោធា៣នាក់ផ្សេងទៀត ត្រូវបានសម្លាប់អំលុងសង្រ្គាមជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហាម៉ាសបាននិយាយថា លោក Ghandour គឺជាសមាជិកម្នាក់នៃក្រុមប្រឹក្សាយោធារបស់ខ្លួន ហើយបានប្រកាសឈ្មោះថ្នាក់ដឹកនាំយោធា៣រូបទៀត ដែលបានបាត់បង់ជីវិតនៅក្នុងសង្រ្គាម រួមមានទាំង ឈ្មោះ Ayman Siyyam ដែលបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល គឺជាមេកងកម្លាំងបាញ់គ្រាប់រ៉ុក្កែតរបស់ហាម៉ាស។
សេចក្តីប្រកាសខាងលើធ្វើឡើង នៅចំថ្ងៃទី៣ នៃបទឈប់បាញ់បណ្តោះអាសន្នរយៈពេល៤ថ្ងៃ ក្នុងសង្រ្គាមរបស់អ៉ីស្រាអែលនៅតំបន់ Gaza Strip ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា នៅពេលក្រុមខ្មាន់កាំភ្លើងរបស់ហាម៉ាស សម្រុកឆ្លងចូលភាគខាងត្បូងអ៉ីស្រាអែល ហើយផ្តាច់ជីវិតមនុស្ស១,២០០នាក់ និងចាប់ប្រមាណ២៤០នាក់ផ្សេងទៀត យកទៅធ្វើជាចំណាប់ខ្មាំង។ ការទម្លាក់គ្រាប់បែកតាមផ្លូវអាកាស និងការវាយលុកតាមជើងគោករបស់អ៉ីស្រាអែល លើតំបន់ Gaza ដើម្បីជាការសងសឹកវិញនោះ បានសម្លាប់មនុស្សជិត១៥,០០០នាក់។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្ន ក្រុមហាម៉ាសបានប្រគល់ចំណាប់ខ្មាំង ជាជនជាតិអ៉ីស្រាអែលសរុបចំនួន២៦នាក់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនចំនួន៧៨នាក់ ដែលត្រូវបានដោះលែងពីពន្ធនាគារអ៉ីស្រាអែល។ ការដោះដូរគ្នានោះ ត្រូវបានធ្វើឡើងចំនួន២លើក គឺកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍សប្តាហ៍នេះ ខណៈនៅថ្ងៃអាទិត្យនេះ ក៏ដូចជានៅថ្ងៃចុងក្រោយនៃបទឈប់បាញ់ គឺត្រូវគេរំពឹងថា នឹងមានការដោះលែងចំណាប់ខ្មាំងព្រមទាំងអ្នកទោសបន្ថែមទៀត។ ក្រៅពីជនជាតិអ៉ីស្រាអែល ចំណាប់ខ្មាំងជាជនជាតិថៃសរុប១៤នាក់ និងហ្វីលីពីនម្នាក់ ក៏ត្រូវបានដោះលែងផងដែរ៕
រូបភាពពី AFP