(ហ្វេសប៊ែង)៖ ប្រភពពីមន្រ្តីប៉ាឡេស្ទីន បានឱ្យដឹងថា កងកម្លាំងអ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៧នាក់ ក្នុងនោះរួមមានអនីតិជន២នាក់ និងខ្មាន់កាំភ្លើងយ៉ាងហោចម្នាក់ នៅឯតំបន់ West Bank កាលពីចន្លោះយប់ថ្ងៃសៅរ៍-អាទិត្យសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ករណីអ្នកស្លាប់៥នាក់ ក្នុងចំណោមនោះ បានកើតឡើងនៅទីក្រុង Jenin ជាទីដែលយោធាអ៉ីស្រាអែលអះអាងថា កងកម្លាំងរបស់ខ្លួនបានធ្វើសកម្មភាពវាយឆ្មក់ ដើម្បីឃាត់ខ្លួនជនជាតិប៉ាឡេស្ទីនម្នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធក្នុងករណីឆ្មក់វាយប្រហារមួយនៅ West Bank ដែលបណ្តាលឱ្យមានមនុស្សស្លាប់ កាលពីខែសីហា ឆ្នាំនេះ។ យោធាអ៉ីស្រាអែល មិនបានបកស្រាយលម្អិតអំពីឧប្បត្តិហេតុនៅទីក្រុង Jenin នោះទេ ខណៈសាក្សីបានអះអាងថា វាគឺជាការប៉ះទង្គិចគ្នារវាងក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីន និងកងកម្លាំងអ៉ីស្រាអែល។
រីឯករណីអ្នកស្លាប់ទី៦ គឺស្ថិតនៅភូមិ Yatma ក្បែរទីក្រុង Nablus និងម្នាក់ទៀតនៅក្បែរ កន្លែងតាំងទីលំនៅរបស់ក្រុមជនជាតិជ្វីហ្វ នៅជាយក្រុង El Bireh។ ខាងយោធាអ៉ីស្រាអែល មិនបានធ្វើការអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុនៅទីតាំងទាំង២នេះទេ។ អាជ្ញាធរសុខាភិបាលបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន៦នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ អំលុងការប៉ះទង្គិចគ្នានៅទីក្រុង Jenin។
គួរបញ្ជាក់ថា តំបន់ West Bank បានមើលឃើញការកើនឡើងអំពើហិង្សា ចាប់តាំងតែពីព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា ជាពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៃតំបន់ Gaza Strip បានសម្រុកចូលវាយប្រហារអ៉ីស្រាអែល ដោយបានផ្តាច់ជីវិតមនុស្ស១,២០០នាក់ ហើយប្រហែល២៤០នាក់ផ្សេងទៀត ត្រូវបានពួកគេចាប់យកធ្វើជាចំណាប់ខ្មាំង។ រីឯការធ្វើសង្រ្គាមសងសឹកវិញរបស់អ៉ីស្រាអែល បានសម្លាប់មនុស្សកើនជិតដល់១៥,០០០នាក់ នៅតំបន់ Gaza។ យោងតាមក្រសួងសុខាភិបាលនៃអាជ្ញាធរប៉ាឡេស្ទីន សរុបមកអំលុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស គឺជនជាតិប៉ាឡេស្ទីនសរុបយ៉ាងហោច២៣០នាក់ នៅតំបន់ West Bank ត្រូវបានសម្លាប់ដោយនិគមជន និងទាហានអ៉ីស្រាអែល៕
រូបភាពពី AFP