(មូស្គូ)៖ នៅថ្ងៃអាទិត្យនេះ រុស្ស៉ីបាននិយាយថា ខ្លួនបានទប់ស្កាត់ការវាយប្រហារ ដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ក្នុងទ្រង់ទ្រាយធំមួយ ដោយដ្រូនយ៉ាងហោច២០គ្រឿង ត្រូវបានបាញ់ទម្លាក់នៅលើតំបន់មួយចំនួននៃប្រទេសរុស្ស៉ី រួមមានទាំងមូស្គូ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា យន្តហោះដ្រូនអ៊ុយក្រែនទាំងនោះ ត្រូវបានបាញ់ទម្លាក់នៅលើតំបន់រួមមានទាំង Moscow, Tula, Kaluga និង Bryansk។ អភិបាលតំបន់ Tula បានអះអាងថា មនុស្សម្នាក់បានរងរបួស នៅពេលដ្រូន១គ្រឿង ដែលត្រូវបានបាញ់ស្ទាក់ធ្លាក់ចំអគារស្នាក់នៅមួយកន្លែង។ បើតាមក្រុមមន្រ្តីរុស្ស៉ី យន្តហោះដ្រូនត្រូវបានបាញ់ស្កាត់ នៅទីតាំងមួយចំនួន នៃតំបន់ Moscow។ រីឯកាសែតរុស្ស៉ី Kommersant បានរាយការណ៍ថា ជើងហោះហើរត្រូវបានពន្យារពេល ឬក៏លុបចោលតែម្តង នៅតាមព្រលានយន្តហោះធំៗរបស់ទីក្រុងមូស្គូ ដោយសារតែការវាយប្រហារនៃយន្តហោះដ្រូន។
គួរបញ្ជាក់ថា ការវាយប្រហារដោយដ្រូនខាងលើនេះ កើតមានឡើងបន្ទាប់ពីថ្ងៃសៅរ៍សប្តាហ៍នេះ រុស្ស៉ីបានបើកការវាយប្រហារ ដោយប្រើប្រាស់យន្តហោះដ្រូនប្រមាណ៧៥គ្រឿង ទៅលើរដ្ឋធានីរបស់អ៊ុយក្រែននិងតំបន់ជុំវិញ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោច ៥នាក់រងរបួស ខណៈវាគឺជាវាយប្រហារដោយដ្រូនធំបំផុតរបស់រុស្ស៉ី គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ រីឯនៅថ្ងៃអាទិត្យនេះ អ៊ុយក្រែន បានឱ្យដឹងថា ខ្លួនក៏បានបាញ់ទម្លាក់ដ្រូន៨គ្រឿង ក្នុងចំណោម៩គ្រឿង ដែលរុស្ស៉ីបាញ់បញ្ជូនមក ផងដែរ៕
រូបភាពពី Reuters