(កៀវ)៖ ក្នុងកិច្ចប្រជុំអន្តរជាតិមួយស្តីពីបញ្ហាសន្តិសុខស្បៀង ដែលប្រព្រឹត្តទៅនៅទីក្រុងកៀវ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានលើកឡើងថា អ៊ុយក្រែនត្រូវការ ប្រព័ន្ធការពារដែនអាកាសបន្ថែម ដើម្បីការពារច្រកផ្លូវនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន ក៏ដូចជាដើម្បីការពារតំបន់ដែលនៅក្បែររុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
អំលុងកិច្ចប្រជុំ Grain from Ukraine ដែលមានការចូលរួមពីសំណាក់ក្រុមមន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសអឺរ៉ុប ដូចជាប្រធានាធិបតីស្វីស លោក Alain Berset និងនាយករដ្ឋមន្រ្តីលីទុយអានី លោកស្រី Ingrida Simonyte ជាដើម លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «បច្ចុប្បន្នគឺមានការខ្វះខាតនៃប្រព័ន្ធការពារដែនអាកាស ហើយវាគឺជាបញ្ហាជាក់ស្តែង»។
លោកប្រធានាធិបតីអ៊ុយក្រែន បានបន្តថា ទីក្រុងកៀវសង្ឃឹមនឹងអាចដោះស្រាយ បញ្ហាខ្វះខាតប្រព័ន្ធការពារដែនអាកាស តាមរយៈការជួយផ្គត់ផ្គង់ថ្មីៗពីសំណាក់ដៃគូ និងការបង្កើនសមត្ថភាពផលិតដោយខ្លួនឯង។ កាលពីថ្ងៃសៅរ៍ រុស្ស៉ីបានបើកការវាយប្រហារដោយដ្រូនចំនួន៧៥គ្រឿង មកលើរដ្ឋធានីរបស់អ៊ុយក្រែននិងតំបន់ជុំវិញ ដែលជាការវាយប្រហារធំបំផុតរបស់រុស្ស៉ី ដោយប្រើប្រាស់យន្តហោះដ្រូន គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ថា អ៊ុយក្រែនដែលជាប្រទេសនាំចេញដ៏សំខាន់មួយនៃធញ្ញជាតិ បាននិងកំពុងនាំចេញផលិតផលកសិកម្មរបស់ខ្លួន តាមរយៈច្រករបៀងលក្ខណៈឯកតោភាគី កាត់សមុទ្រខ្មៅ បន្ទាប់ពីរុស្ស៉ីបានដកខ្លួនកាលពីខែកក្កដា ឆ្នាំនេះ ចេញពីកិច្ចព្រមព្រៀងសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនធញ្ញជាតិអ៊ុយក្រែន តាមតំបន់សមុទ្រនោះដោយសុវត្ថិភាព៕
រូបភាពពី Reuters