(ប៉េកាំង)៖ នាចុងសប្តាហ៍នេះ ចិននិងសហរដ្ឋអាមេរិក បានចោទប្រកាន់គ្នាទៅវិញមក ជុំវិញតំបន់សមុទ្រចិនខាងត្បូងដែលមានបញ្ហាវិវាទ បន្ទាប់ពីយោធាចិនបានអះអាងថា ខ្លួនបានបណ្តេញនាវាចម្បាំងអាមេរិក១គ្រឿង ដែលកងទ័ពជើងទឹកអាមេរិក បាននិយាយថា ស្ថិតក្នុង​ការបំពេញប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរណ៍ជាធម្មតា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ យោធាចិនបានអះអាងថា ខ្លួនបានបញ្ជូនកងកម្លាំងជើងទឹកនិងជើងអាកាស ឱ្យទៅតាមដាន ឃ្លាំមើល និងព្រមាន​នាវាចម្បាំងអាមេរិកប្រភេទ destroyer ១គ្រឿង ឱ្យចាកចេញពីសមុទ្រចិនខាងត្បូង។ ចំណែកនៅថ្ងៃអាទិត្យនេះ យោធាជើងទឹកអាមេរិក បាននិយាយថា នាវាចម្បាំង Hopper បានអនុវត្តសិទ្ធិរបស់ខ្លួននៃការធ្វើនាវាចរណ៍ នៅសមុទ្រចិនខាងត្បូង ក្បែរទីប្រជុំកោះ Paracel ដែលស្របទៅតាមច្បាប់អន្តរជាតិ។

ចិនបានចោទប្រកាន់ថា ឧប្បត្តិហេតុនាចុងសប្តាហ៍នេះ សបញ្ជាក់ឱ្យឃើញថា សហរដ្ឋអាមេរិកគឺជាអ្នកបង្កើតហានិភ័យសន្តិសុខសុទ្ធសាធ នៅតំបន់សមុទ្រចិនខាងត្បូង។ រីឯកងទ័ពជើងទឹកអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកប្រកាន់ជំហរតវ៉ាជានិច្ច ចំពោះការទាមទារដែនសមុទ្រជ្រុលហួសហេតុ នៅជុំវិញពិភពលោក ដោយមិនខ្វល់អំពីអត្តសញ្ញាណនៃអ្នកទាមទារឡើយ ខណៈការទាមទារបែបនោះ នៅសមុទ្រចិនខាងត្បូង បង្កការគំរាមកំហែងធ្ងន់ធ្ងរមួយ ចំពោះសេរីភាពនៃដែនសមុទ្រ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ដដែលនោះ ហ្វីលីពីននិងអូស្រ្តាលី បានចាប់ផ្តើមការល្បាតដែនសមុទ្រនិងអាកាសរួមគ្នាលើកដំបូង ពោលគឺប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងប៉េកាំងបានចោទទីក្រុងម៉ានីលថា នាំកម្លាំងបរទេសខាងក្រៅមកល្បាតបង្កបញ្ហានៅសមុទ្រចិនខាងត្បូង ដែលចង់សំដៅលើប្រតិបត្តិការ​ល្បាតដែនសមុទ្រនិងអាកាសរួមគ្នា រវាងយោធាហ្វីលីពីននិងអាមេរិក ក្នុងសប្តាហ៍នេះ៕

រូបភាពពីកងទ័ពជើងទឹកអាមេរិក