(ហ្កាហ្សា)៖ កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ ក្រុមហាម៉ាសប៉ាឡេស្ទីន បានបន្តដោះលែងចំណាប់ខ្មាំងជាជនអ៉ីស្រាអែលចំនួន១៣នាក់ និងជនជាតិថៃចំនួន៤នាក់ទៀត ហើយប្រគល់ឱ្យទៅអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) នៅថ្ងៃទី២ នៃបទឈប់បាញ់បណ្តោះអាសន្ន ជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងការបរទេសកាតា បានឱ្យដឹងថា ចំណាប់ខ្មាំងខាងលើត្រូវបាន ICRC នាំចាកចេញពីតំបន់ Gaza Strip តាមច្រកព្រំដែន Rafah ដែលនៅជាប់ប្រទេសអេហ្ស៉ីប ហើយពួកគេបានទៅដល់អ៉ីស្រាអែល នៅថ្ងៃអាទិត្យនេះ។ នៅក្នុងចំណោមជនជាតិអ៉ីស្រាអែលទាំង ១៣នាក់ គឺមានស្រ្តី៦នាក់ និងអនីតិជន៧នាក់។ ជាការដោះដូរគ្នា អ៉ីស្រាអែលបានដោះលែង ជនជាតិប៉ាឡេស្ទីនចំនួន៣៩នាក់បន្ថែមទៀត ដែលរួមមានស្រ្តី៦នាក់ និងអនីតិជន៣៣នាក់ ចេញពីពន្ធនាគារ២កន្លែងរបស់ខ្លួន។

ចំណែកកាលពីថ្ងៃសុក្រសប្តាហ៍នេះវិញ ដែលជាថ្ងៃដំបូងនៃបទឈប់បាញ់បណ្តោះអាសន្ន ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំង ជា​ជនជាតិអ៉ីស្រាអែលចំនួន១៣នាក់ ក្នុងនោះរួមមានស្រ្តីវ័យចំណាស់និងអនីតិជន ជាថ្នូរនឹងការដោះលែងស្រ្តីព្រមទាំងអនីតិជនប៉ាឡេស្ទីន​ចំនួន ៣៩នាក់ ចេញពីពន្ធនាគារអ៉ីស្រាអែល។ ក្នុងថ្ងៃដដែលនោះ ក្រុមហាម៉ាស ក៏បានដោះលែងជនជាតិហ្វីលីពីនម្នាក់ និងជនជាតិថៃ​១០នាក់ផងដែរ។ នាថ្ងៃអាទិត្យនេះ ក្រសួងការបរទេសថៃ បានអះអាងថា​ នៅមានចំណាប់ខ្មាំងជនជាតិថៃ១៨នាក់ទៀត នៅ Gaza។

បទឈប់បាញ់បណ្តោះអាសន្នរវាងអ៉ីស្រាអែលនិងហាម៉ាស បានចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលជាការផ្អាក​ប្រយុទ្ធគ្នាលើកដំបូង ក្នុងសង្រ្គាមរវាងភាគីទាំងពីរ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា នៅពេលក្រុមខ្មាន់កាំភ្លើងហាម៉ាស បានចូលសម្លាប់​មនុស្ស១,២០០នាក់នៅអ៉ីស្រាអែល ហើយចាប់ចំណាប់ខ្មាំងប្រហែល២៤០នាក់។ ក្នុងការវាយប្រហារសងសឹកវិញរបស់អ៉ីស្រាអែល មនុស្សជិត១៥,០០០នាក់ហើយ បានស្លាប់នៅតំបន់ Gaza។

គួរបញ្ជាក់ថា បទឈប់បាញ់បណ្តោះអាសន្នខាងលើ មានគោលដៅដោះលែងចំណាប់ខ្មាំងសរុបចំនួន៥០នាក់ ដែលស្ថិតក្នុងកណ្តាប់ដៃរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅ Gaza ព្រមទាំងអ្នកទោសសរុបចំនួន១៥០នាក់ នៅពន្ធនាគាររបស់អ៉ីស្រាអែល ក្នុងរយៈពេល៤ថ្ងៃ៕

រូបភាពពី AFP