(អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរប៉ាគីស្ថាន បានឱ្យដឹងថា មនុស្សយ៉ាងហោច១១នាក់បានបាត់បង់ជីវិត និង៣៥នាក់ផ្សេងទៀតបានទទួលរងរបួស កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដោយសារហេតុការណ៍ភ្លើងឆេះផ្សារទំនើបមួយកន្លែង នៅទីក្រុង Karachi។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
មានមនុស្សសរុបជាង៦០នាក់ ស្ថិតក្នុងផ្សារទំនើបខាងលើ នៅពេលអគ្គិភ័យបានចាប់ផ្តើមឆាបឆេះ នៅជាន់ទី៤ នៃអគារដែលមានកម្ពស់៦ជាន់នោះ នៅទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ ក្រុមភ្នាក់ងារសង្រ្គោះបន្ទាន់ បានរកឃើញនិងយកបានសាកសកមនុស្ស១១នាក់ ខណៈមនុស្ស៣៥នាក់ទៀតបានរងរបួស ក្នុងនោះ៧នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ បើតាមអាជ្ញាធសុខាភិបាលប៉ាគីស្ថាន អគ្គិភ័យត្រូវបានបង្កឡើងដោយការឆ្លងចរន្តអគ្គិភ័យ ហើយវាបានឆេះរាលដាលនៅ២ជាន់ នៃអគារផ្សារទំនើបនោះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១២ កម្មករយ៉ាងហោចរហូតដល់២៥០នាក់ បានស្លាប់នៅឯរោងចក្រកាត់ដេរមួយកន្លែង នៃតំបន់ភាគខាងលិចទីក្រុង Karachi ដោយសារតែភ្លើងឆាបឆេះ។ អគាររោងចក្រនោះ គឺពុំមានច្រកចេញបន្ទាន់ នៅពេលមានគ្រោះអគ្គិភ័យទេ៕
រូបភាពពី Reuters