(តូក្យូ)៖ បន្ទាប់ពីជួបរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងប្រទេសកូរ៉េខាងត្បូង រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បាននិយាយនៅថ្ងៃសៅរ៍នះថា ជប៉ុននិងចិនសង្ឃឹមថានឹងរៀបចំកិច្ចចរចាផ្នែកសន្តិសុខ «នាពេលខាងមុខ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកស្រី Kamilkawa បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងសូមបញ្ជាក់ថាយើងកំពុងស្វែងរកការធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធបន្ថែមទៀតលើបញ្ហាជាច្រើន...ហើយយើងសង្ឃឹមថានឹងមានកិច្ចពិភាក្សាផ្នែកសន្តិសុខនាពេលខាងមុខ»។
លោកស្រី Kamikawa បានឲ្យដឹងទៀតថា ជប៉ុន និងចិនក៏នឹងស្វែងរកកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីសេដ្ឋកិច្ចផងដែរ ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយ។
គួរបញ្ជាក់ថា ជំនួបរវាងលោកស្រី Kamikawa និងលោក Wang គឺជាលើកទីមួយនៃមន្រ្តីទូតជាន់ខ្ពស់របស់ប្រទេសទាំងពីរ និងបន្តពីកិច្ចពិភាក្សានៃមេដឹកនាំរបស់ខ្លួនដែលបានធ្វើឡើងកាលពីជាងមួយសប្តាហ៍មុន៕.
រូបភាពពី Reuters