(ប៉េកាំង)៖ យោធាចិននឹងចាប់ផ្តើម «សកម្មភាពហ្វឹកហ្វឺនប្រយុទ្ធ» ចាប់ពីថ្ងៃសៅរ៍នេះ នៅផ្នែកម្ខាងនៃព្រំដែនជាមួយមីយ៉ាន់ម៉ា មួយថ្ងៃបន្ទាប់ពីក្បួនរថយន្តដឹកទំនិញចូលទៅក្នុងប្រទេសជិតនៃតំបន់អាស៊ីអាគ្នេយ៍មួយនេះ រងនូវការឆាបឆេះយ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

កងទ័ពរំដោះប្រជាជនចិន (PLA) បានបញ្ជាក់តាមបណ្តាញសង្គម WeChat ថា ការហ្វឹកហ្វឺននេះមានគោលបំណង សាកល្បងសមត្ថភាពធ្វើប្រតិបត្តិការ ការបិទព្រំដែន និងហាត់សមធ្វើការវាយប្រហារ ដោយទីបញ្ជាការភូមិភាគខាងត្បូង។ ដោយឡែក អ្នកនាំពាក្យយោធានៃរបបសឹកមីយ៉ាន់ម៉ា លោក Zaw Min Tun និយាយថា មីយ៉ាន់ម៉ាទទួលបានការជូនដំណឹងអំពីសមយុទ្ធនេះ ដោយបន្ថែមថាពួកគេ (ចិន) មានបំណងរក្សាស្ថិរភាព និងសន្តិភាពនៅជិតព្រំដែន ហើយមិនប៉ះពាល់ដល់គោលនយោបាយចិនដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះទេ។

គួរបញ្ជាក់ថា ហេតុការណ៍ឆេះក្បួនរថយន្តដឹកទំនិញចិន ចូលទៅក្នុងទីក្រុង Muse នៃរដ្ឋ Shan ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាហៅថាជាការវាយប្រហារពីសំណាក់ក្រុមបះបោរ បានកើតឡើងចំពេលមានការព្រួយបារម្ភអំពីអសន្តិសុខនៅក្នុងប្រទេសចិន ខណៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីនោះទើបនឹងបានជួបជាមួយមន្ត្រីកំពូលៗរបស់មីយ៉ាន់ម៉ា សម្រាប់ការពិភាក្សាគ្នាពីស្ថិរភាពតាមព្រំដែន៕

 

រូបភាពពី Reuters