(គែរ)៖ ប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi បាននិយាយថាអនាគតរដ្ឋប៉ាឡេស្ទីន គួរតែជារដ្ឋមួយគ្មានយោធា និងមានវត្តមាន កងកម្លាំងរក្សាសន្តិសុខអន្តរជាតិបណ្ដោះអាសន្នមួយ ដើម្បីផ្ដល់ការធានាដល់ទាំងប៉ាឡេស្ទីន និងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Abdel Fattah al-Sisi ធ្វើការកត់សម្គាល់ខាងលើអំឡុងធ្វើសន្និសីទសារព័ត៌មានរួមមួយក្នុងរដ្ឋធានីគែរ ជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez និងនាយករដ្ឋមន្ត្រីបែលហ្ស៉ិក លោក Alexander De Croo។ លោក al-Sisi បានគូសបញ្ជាក់ដូច្នេះថា «យើងត្រៀមខ្លួន រួចជាស្រេចសម្រាប់រដ្ឋមួយនេះ (ប៉ាឡេស្ទីន) ជារដ្ឋគ្មានយោធា និងមានការធានសន្តិសុខពីកងកម្លាំងអន្តរជាតិដូចជាអង្គការ NATO UN ឬក៏ កម្លាំងមកពីបណ្ដារដ្ឋអារ៉ាប់ ឬក៏សហរដ្ឋអាមេរិក រហូតទាល់តែយើងអាចសម្រេចបាននូវសន្តិសុខសម្រាប់រដ្ឋទាំងសងខាង (ប៉ាឡេស្ទីន និងអ៉ីស្រាអែល)»។

គួរបញ្ជាក់ថា បើតាមលោក al-Sisi ដំណោះស្រាយនយោបាយមួយដែលចង់ឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីនឈរលើមូលដ្ឋានព្រំដែនថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៦៧ ដោយយកទីក្រុងហ៊្សេរុយសាឡិមខាងកើតជារដ្ឋធានី គឺនៅតែមិនអាចសម្រេចបាននោះទេ។ ម្យ៉ាងវិញទៀត អនាគតតំបន់ ហ្កាហ្សាកំពុងស្ថិតក្រោមភាពមិនច្បាស់លាស់ ក្រោយអ៉ីស្រាអែលបញ្ជាក់ថាខ្លួននឹងគ្រប់គ្រងផ្នែកសន្តិសុខលើតំបន់ហ្កាហ្សា​ បន្ទាប់ពីសង្រ្គាមជាមួយ ក្រុមហាម៉ាសបិទបញ្ចប់។ ប៉ុន្តែសហរដ្ឋអាមេរិកបង្ហាញជំហរជំទាស់ទៅនឹងការគ្រប់គ្រងតំបន់ហ្កាហ្សាឡើងវិញពីសំណាក់អ៉ីស្រាអែល៕

រូបភាពពី Reuters