(ហ្វេសប៊ែង)៖ មន្រ្តីប៉ាឡេស្ទីនម្នាក់បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ អ៉ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន៣៩នាក់ ក្នុងនោះរួមមានមនុស្សស្រី២៤នាក់ និងមនុស្សប្រុស១៥នាក់ នៅតំបន់ West Bank ជាថ្នូរនឹងចំណាប់ខ្មាំងចំនួន១៣នាក់ ដែលនឹងត្រូវដោះលែងពីតំបន់ហ្កាហ្សាស្ទី្រប (Gaza Strip) ដោយក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Qadura Fares ដែលជាមន្រ្តីប៉ាឡេស្ទីនទទួលបន្ទុកអ្នកទោស បានប្រាប់ថា អ្នកទោសប៉ាឡេស្ទីនទាំងអស់ខាងលើ ដែលសុទ្ធតែមកពីតំបន់ West Bank ឬក៏ទីក្រុង Jerusalem នឹងត្រូវប្រគល់ឱ្យទៅអង្គការកាកបាទក្រហមអន្តរជាតិ នៅឯពន្ធនាគារយោធា Ofer របស់អ៉ីស្រាអែល ដែលស្ថិតនៅ West Bank នាវេលាម៉ោងប្រហែលជា៤ល្ងាច (ម៉ោងនៅក្នុងតំបន់)។ ពេលវេលានោះគឺស្របគ្នាជាមួយ គម្រោងប្រគល់មនុស្សស្រីនិងកុមារចំនួន១៣នាក់ នៅច្រកព្រំប្រទល់រវាងតំបន់ Gaza និងប្រទេសអេហ្ស៉ីប។ ពួកគេស្ថិតក្នុងចំណោម មនុស្សប្រមាណ២៤០នាក់ ដែលត្រូវបានក្រុមខ្មាន់កាំភ្លើងរបស់ពួកហាម៉ាស ចាប់យកធ្វើជាចំណាប់ខ្មាំង កាលពីអំលុងការឆ្មក់វាយលុកទ្រង់ទ្រាយធំ និងយ៉ាងប្រល័យ នៅតំបន់ភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។
គួរបញ្ជាក់ថា ការដោះលែងអ្នកទោសនិងចំណាប់ខ្មាំងខាងលើ គឺជាផ្នែកនៃបទឈប់បាញ់គ្នារយៈពេល៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីព្រឹកម៉ោង៧ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ហើយមកទល់ឥឡូវ វាហាក់កំពុងត្រូវបានអនុវត្តខ្ជាប់ខ្ជួនគួរសម ដោយមិនមានសេចក្តីរាយការណ៍ធំៗ អំពីការទម្លាក់គ្រាប់បែក ការបាញ់ផ្លោងកាំភ្លើងធំឬគ្រាប់រ៉ុក្កែតនោះឡើយ៕
រូបភាពពី AFP