(ម៉ានីល)៖ ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រតិបត្តិការល្បាតរួមគ្នារបស់ហ្វីលីពីនជាមួយសហរដ្ឋអាមេរិក នៅតំបន់សមុទ្រចិនខាងត្បូង គឺស្ថិតនៅក្នុងសិទ្ធិរបស់ប្រទេសហ្វីលីពីនផ្ទាល់ ហើយទីក្រុងម៉ានីលនឹងនៅតែបន្តគាំទ្រតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឆ្លើយតបចំពោះការរិះគន់ពីសំណាក់ទីក្រុងប៉េកាំង ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo Año បាននិយាយថា ហ្វីលីពីនសូម​ច្រានចោលការចោទប្រកាន់របស់ចិន ដែលថាហ្វីលីពីននាំ «កម្លាំងបរទេសខាងក្រៅ» មកធ្វើការល្បាតនៅសមុទ្រចិនខាងត្បូងដើម្បីបង្កបញ្ហា ហើយប៉ះពាល់ចំពោះសុខសន្តិភាព ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់។ ចំណែករដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយថា «ហ្វីលីពីនមិនមែនកំពុងបង្ករឿងឡើយ។ គោលបំណងរបស់ពួកយើង គឺការពារសិទ្ធិរបស់យើង»។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តហ្វីលីពីន-អាមេរិក បានចាប់ផ្តើមធ្វើប្រតិបត្តិការល្បាតដែនសមុទ្រ និងដែនអាកាសរួមគ្នា កាលពីថ្ងៃអង្គារ រហូតដល់​ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅតំបន់ចុងភាគខាងជើងប្រទេសហ្វីលីពីន និងនៅសមុទ្រចិនខាងត្បូង។ បើតាមលោក Teodoro នឹងមានការ​ល្បាតរួមគ្នាបន្តបន្ទាប់ទៀតរវាងប្រទេសទាំងពីរ ចាប់ពីពេលនេះទៅ។ ទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះដុនដាបខ្លាំងរវាងហ្វីលីពីននិងចិន ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង ក្រោមការដឹកនាំរបស់​ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ដ្បិតរូបលោកបានងាកទៅពង្រឹងទំនាក់ទំនងជាមួយអាមេរិក ដែលជួយគាំទ្រ​ប្រទេសអាស៊ានមួយនេះ នៅក្នុងបញ្ហាវិវាទដែនសមុទ្រជាមួយចិន៕

រូបភាពពី Reuters