(ហ្កាហ្សា)៖ បទឈប់បាញ់គ្នាបួនថ្ងៃបានអនុវត្តជាលើកដំបូងនៅថ្ងៃសុក្រ ទី២៤វិច្ឆិកា ប៉ុន្តែក្តីបារម្ភការស្លាប់ មនុស្សនឹងអាចបន្តថែមទៀត ក្រោយរយៈពេល៩៦ ម៉ោង បានកន្លងផុត។ គិតត្រឹមថ្ងៃទី២៤វិច្ឆិកា ចំនួនពលរដ្ឋប៉ាឡេស្ទីនដែលស្លាប់ក្នុងតំបន់ហ្គាហ្សារយៈពេល៤៩ថ្ងៃមកនេះ បានកើនដល់ជាងមួយម៉ឺន៤ពាន់៨០០នាក់ ហើយ។

បទឈប់បាញ់គ្នាបួនថ្ងៃបានអនុវត្តជាលើកដំបូងនៅថ្ងៃសុក្រ ទី២៤ វិច្ឆិកា ប៉ុន្តែក្តីបារម្ភការស្លាប់មនុស្សនឹងអាចបន្តថែមទៀត ក្រោយរយៈពេល៩៦ម៉ោង បានកន្លងផុត។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយព្រមានថាការគំរាមកំហែងនៃសង្គ្រាមនៅតំបន់ហ្គាហ្សានឹងកាន់តែ កើនឡើងវៀរលែងតែបទឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ មានរយៈពេលយូរ។ សម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានធ្វើឡើង គ្រាដែលភាគី អ៊ីស្រាអែលនិងហាម៉ាសត្រៀមអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នារយៈពេល៤ថ្ងៃ។

លោក Amir-Abdollahian បានប្រាប់សារព័ត៌មាន Al-Mayadeen ដែលមានមូលដ្ឋាននៅទីក្រុង Beirut ក្នុងប្រទេសលីបង់ថា ប្រសិនបើបទឈប់បាញ់នេះ បានកើតឡើង និងប្រសិនណាបើការឈប់បាញ់គ្នានឹងមិនបន្តទៀតនោះទេ នោះលក្ខខណ្ឌអ្វីៗក្នុងតំបន់នឹងត្រូវប្រែប្រួលមិនដូចមុន ហើយទំហំនៃសង្គ្រាម វានឹងកាន់តែរាលដាល។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែងបន្តថា «យើងមិនស្វែងរកការពង្រីកវិសាលភាពនៃសង្គ្រាមទេ» និងលោកបានបន្ថែមថា «ប៉ុន្តែប្រសិនបើ ភាពតានតឹងនៃសង្គ្រាមកាន់តែកើនឡើង នោះរាល់គ្រប់លទ្ធភាព នឹងអាចមើលឃើញថាវាជាការពង្រីកវិសាលភាពនៃសង្គ្រាម»

សម្តីព្រមានដែលធ្វើក្នុងសប្តាហ៍នេះ គឺនៅពេលដែលមានការអនុវត្តឈប់បាញ់គ្នារយៈពេល ៤ថ្ងៃ ត្រូវបានចូលជាធរមាននៅថ្ងៃសុក្រទី២៤ ខែវិច្ឆិកាបន្ទាប់ពី មានការពន្យារយៈពេល២៤ម៉ោងរួចមកនេះ។ ការផ្អាកឈប់បាញ់គ្នារយៈពេល៤ថ្ងៃជាលើកដំបូង គឺជាថ្នូរដោះលែងចំណាប់ខ្មាំង៥០នាក់ និងការប្រគល់អ្នកទោស ប៉ាឡេស្ទីន១៥០នាក់មកវិញជាមួយនឹងការអនុញ្ញាតឱ្យរថយន្តដឹកជញ្ជួន៣០០គ្រឿងផ្ទុក ជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្គាហ្សាបន្ទាប់ពីតំបន់មានសង្គ្រាមនេះ បានរងការទម្លាក់គ្រាប់បែក, ការផ្តាច់ទឹក, ផ្តាច់ភ្លើង, ផ្តាច់ការផ្គត់ផ្គង់អ្វីៗសព្វបែបយ៉ាងទាំងថ្នាំពេទ្យនិងស្បៀងអាហារ និងការវាយលុកដោយទាហានថ្មើរជើង អ៊ីស្រាអែល ចាប់តាំងពីអ៊ីស្រាអែលបានប្រកាសធ្វើសង្គ្រាមដាក់ទៅលើក្រុមហាម៉ាសនោះមក។

រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយមុននេះទៀតថាបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់បួនថ្ងៃនោះកន្លងទៅ, បទឈប់បាញ់ខ្លះនឹងអាចត្រូវបន្តថែមទៀតជាមួយនឹង លក្ខខណ្ឌថា កិច្ច ឈប់បាញ់គ្នាមួយថ្ងៃដែលចង់បន្តទៀត នឹងតម្រូវឱ្យមានការដោះលែងចំណាប់ខ្មាំងចំនួន១០នាក់។ ក្នុងថ្ងៃដំបូងដែលមានការឈប់បាញ់គ្នានេះ ក្រុមចំណាប់ខ្មាំងចំនួន១៣នាក់ដែលជាក្រុមដំបូង រួមមានស្ត្រីនិងកុមារត្រូវបានដោះលែងនារសៀលថ្ងៃសុក្រ គ្រាដែលអ្នកទោសប៉ាឡេស្ទីន ៣៩នាក់នឹងត្រូវបាន ដោះលែង។ គួរបញ្ជាក់ថាការដោះលែងចំណាប់ខ្មាំងម្នាក់ គឺតម្រូវឱ្យមានការដោះលែងអ្នកទោស៣នាក់ ដូច្នេះចំនួនចំណាប់ខ្មាំងដោះលែង៥០នាក់ គឺស្មើនឹង ចំ នួនអ្នកទោស១៥០នាក់ដែលត្រូវដោះលែង។

យោងតាមកិច្ចព្រមព្រៀងការឈប់បាញ់គ្នា៤ថ្ងៃនេះ នឹងមិនត្រូវឱ្យមាន មានការចាប់មនុស្ស ឬការវាយប្រហារណាមួយកើតឡើងនោះទេ។ ប៉ុន្តែនៅមុន កិច្ចព្រមព្រៀងបានឈានមកដល់នៅថ្ងៃសុក្រទី២៤ វិច្ឆិកានេះ សេចក្តីរាយការណ៍បានបង្ហាញពីការវាយប្រហារខ្លាំងក្លាដាក់លើមន្ទីរពេទ្យ Shifa និងការចាប់ប្រធាន មន្ទីរពេទ្យដ៏ធំជាងគេបង្អស់ក្នុងតំបន់ហ្គាហ្សានេះ យកទៅសួរចម្លើយថែមទៀត។ លោក Muhammad Abu Salmiya ត្រូវបានអ៊ីស្រាអែលចាប់ខ្លួនកាល ពីថ្ងៃព្រហស្បតិ៍ និងត្រូវបានគេនាំយកទៅសួរចម្លើយដោយការចោទថាលោកបានឱ្យមន្ទីរពេទ្យជាកន្លែងប្រើប្រាស់ដល់ក្រុមហាម៉ាសក្នុងការធ្វើប្រតិបត្តិការ ប្រឆាំងនឹងអ៊ីស្រាអែល។ វេជ្ជ បណ្ឌិតមួយចំនួនទៀតក្នុងមន្ទីរពេទ្យនោះ ក៏ត្រូវបានគេចាប់ឃុំខ្លួនផងដែរ។

នៅមុន២៤ម៉ោងមុននឹងឈានដល់ថ្ងៃសុក្រនោះផងទៀត សេចក្តីរាយការណ៍បានបង្ហាញអំពីមនុស្សស្លាប់ច្រើនសិបនាក់ថែមទៀតដោយការវាយប្រហាររបស់ អ៊ីស្រាអែលខណៈដែលទ្រនិចនាឡិកាបានរំកិលឈានជិតដល់ពេលវេលាឈប់បាញ់គ្នាទៅហើយនោះ។ ក្រុមហាម៉ាសបានថ្លែងថាមានមនុស្ស៣០នាក់ ត្រូវបាន ស្លាប់ដោយសារការវាយប្រហារមួយរបស់ទាហានអ៊ីស្រាអែលដាក់លើសាលារៀនក្នុងជំរំជនភៀសខ្លួន Jabalia…ចំណែក ក្រសួង សុខាភិបាលប៉ាឡេស្ទីន បានរាយការណ៍ជុំវិញមនុស្សស្លាប់២៧នាក់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលដាក់លើសាលារៀន Abu Hussein ដែលគ្រប់គ្រងដោយទីភ្នាក់ងារពល កម្មនិងជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន និងដែលជាជំរកស្នាក់នៅជនភៀសសឹកប៉ាឡេស្ទីន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានព្រមានមុននេះថា សង្គ្រាមនឹងបន្តថែមទៀត ក្រោយរយៈពេល ផ្អាកបណ្តោះអាសន្នឈប់បាញ់គ្នាបួនថ្ងៃបានកន្លងផុត។ អ្នកនាំពាក្យ ក្រុមហាម៉ាសលោក Abu Ubaida នៃកងពលហាម៉ាស Izz el-Deen al-Qassam បានថ្លែងអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍សូមឱ្យក្រុមយុទ្ធជនអ៊ីស្លាមទាំងអស់ ត្រូវបង្កើនការងើបប្រឈមមុខតតាំងទាំងនៅតំបន់West Bank និងនៅតាមរណៈសិរ្សជួរមុខទាំងអស់ប្រឆាំងនឹង អ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Amir-Abdollahian ដែលធ្វើទស្សនកិច្ចក្នុងក្រុងបេរូតនៃប្រទេសលីបង់បានថ្លែងបង្ហាញក្នុងពេលជាមួយគ្នាថាបើការបាញ់គ្នានៅតែបន្តនោះ ការរាលដាលនៃ សង្គ្រាមនឹង មិនអាចចៀសផុតឡើយ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់បានឃើញនូវជម្រើសពីរ៖ «ជំរើសទីមួយ គឺបទឈប់បាញ់មនុស្សធម៌ ដែលប្រែក្លាយទៅជាបទឈប់បាញ់ជា អចិន្ត្រៃយ៍ »។ ចំណែកជំរើសទី២គឺវិធីដែលបន្តគំរាមកំហែងប្រជាជនប៉ាឡេស្ទីន និងបន្ទាប់មកគឺប្រជាជនប៉ាឡេស្ទីន នឹងត្រូវសម្រេចចិត្តដោយខ្លួនឯងវិញ។
លោក Amir-Abdollahian បានបញ្ជាក់បន្ថែមថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu មិនអាចសម្រេចក្តីសុបិនរបស់គាត់ក្នុង ការបំផ្លាញក្រុមហាម៉ាសបានទេ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនោះបាននិយាយប្រាប់អ្នកសារព័ត៌មានថា «យើងគាំទ្ររាល់ការសម្រេចចិត្តដែលក្រុម Hamas នឹងធ្វើ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Amir-Abdollahian ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសលីបង់សប្តាហ៍នេះ លោកបានជួបជាមួយមន្ត្រីជាន់ខ្ពស់ប្រទេសលីបង់ និងជួបមន្ត្រីជាន់ខ្ពស់ប៉ាឡេ ស្ទីននៅទីនោះផងដែរ។

ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ត្រូវបានគេឃើញថាកំពុងតែមានភាពតានតឹងកើនឡើងដោយសារមានការបាញ់ប្រហារគ្នាទៅវិញទៅមករវាង អ៊ីស្រាអែលជាមួយនឹងក្រុមចលនាហេសបូឡាដែលអ៊ីរ៉ង់គាំទ្រ និងក៏មានក្រុមយុទ្ធជនប៉ាឡេស្ទីនផងដែរដែលការប៉ះទង្គិចគ្នានោះ បានបង្កើនក្តីបារម្ភនៃ ភាពរាលដាលជម្លោះក្នុងមជ្ឈិមបូព៌ាដោយសារតែអំពើបះបោរក្រុមយុទ្ធជនឥស្លាមប្រឆាំងនឹងអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati ក្រោយ ការជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រួចមក ការិយាល័យរបស់លោកបានចេញសេចក្តីថ្លែងការណ៍ដោយដកស្រង់សម្តីបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីលីបង់ រូបនោះ ដែលនិយាយសង្កត់ធ្ងន់លើតម្រូវការបទឈប់បាញ់ទាំងស្រុង និងការ «បញ្ឈប់អំពើឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា»

លោកនាយករដ្ឋមន្ត្រីលីបង់រូបនោះ បានជំរុញឱ្យ «បណ្តាប្រទេសដែលមានឥទ្ធិពលធ្វើការដាក់សម្ពាធលើអ៊ីស្រាអែលដើម្បីបញ្ឈប់ការវាយប្រហាររបស់ខ្លួន ដាក់លើ ទឹកដីនៃប្រទេស លីបង់ភាគខាងត្បូង និងបញ្ឈប់ការផ្តោតគោលដៅលើជនស៊ីវិល និងជាពិសេសលើអ្នកសារព័ត៌មាន។ អ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានធ្វើការវាយប្រហារដាក់ទៅលើទឹកដីលីបង់ភាគខាងត្បូងដោយបានសម្លាប់មនុស្ស 8 នាក់ ក្នុងនោះរួមទាំងអ្នកកាសែតពីរនាក់មកពីអង្គភាព Al-Mayadeen ។
ក្រសួងការបរទេសរបស់ប្រទេសលីបង់បាននិយាយថាទីក្រុងបេរូតបានដាក់ពាក្យប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជុំវិញការស្លាប់ របស់អ្នកកាសែតដោយហៅអំពើនោះថាជា «ឧក្រិដ្ឋកម្មដោយចេតនា»

ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត, ក្រុមហាម៉ាសបាននិយាយដែរថា មានពលរដ្ឋលីបង់ពីរនាក់ និងជនជាតិតួកគី ពីរនាក់ក៏ត្រូវបានគេសម្លាប់ ផងដែរកាលពីថ្ងៃអង្គារ នៅភាគខាងត្បូងប្រទេសលីបង់។ កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាសនៅបាននិយាយដែរថា មេដឹកនាំជាន់ខ្ពស់នៅក្នុងជួរកងទ័ព របស់ខ្លួននៅក្នុងប្រទេសលីបង់ គឺលោក Khalil al-Kharraz ក៏ត្រូវបានគេសម្លាប់ នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារសប្តាហ៍នេះថែមទៀត។ ដំណើរ របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក្នុងក្រុងបេរូត នៅបានជួបប្រធានសភាលីបង់លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុម Hezbollah និងភាគីទាំង២ បានពិភាក្សាអំពីសង្គ្រាម និង «ការពង្រឹងស្ថិរភាពនិងសន្តិសុខក្នុងតំបន់»

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Amir-Abdollahian នៅបានជួបជាមួយអគ្គលេខាធិការ នៃក្រុម សកម្មប្រយុទ្ធប៉ាឡេស្ទីនអ៊ីស្លាមជីហាត គឺលោក Ziyad al-Nakhalah និងមន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់គឺលោក Khalil al-Hayya។ កិច្ចពិភាក្សាបានផ្តោតអំពី «ដំណើរការបទឈប់បាញ់ដែលកំពុងប្រព្រឹត្តទៅក្នុងសប្តាហ៍ នេះ»។ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនគិតត្រឹមថ្ងៃទី២៤វិច្ឆិកាមានរយៈពេល ៤៩ថ្ងៃហើយ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានថ្លែងថាចំនួន អ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលបានកើនដល់ជាងមួយម៉ឺន៤ពាន់៨០០នាក់ហើយដែលក្នុងនោះភាគច្រើនគឺជាស្ត្រីនិងកុមារ។ សម្តេចសង្ឃ កាតូលីក Pope Francis បានមានបន្ទូកក្នុងសប្តាហ៍នេះហៅក្រុមហាម៉ាសនិង អ៊ីស្រាអែលថាជាក្រុមភេររវកម្ម ដែលការរិះគន់នេះបានធ្វើឱ្យអ៊ីស្រាអែល ខឹងជាខ្លាំង។ ក្រុមប្រកាន់និកាយជ្វីហ្វអ៊ីស្រាអែល បានទាមទារឱ្យសម្តេចសង្ឃកាតូលីកនោះកែប្រែនូវពាក្យសម្តីរបស់ខ្លួនវិញ៕