(ព័រអូប្រ៉ាំង)៖ ប្រធានប្រតិបត្តិរបស់មជ្ឈមណ្ឌលសម្រាប់ការវិភាគ និងស្រាវជ្រាវសិទ្ធិមនុស្ស (CARDH) របស់ប្រទេសហៃទី បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា CARDH ត្រូវផ្អាកការងារជាបណ្ដោះអាសន្ន ដោយសារតែលក្ខខណៈគ្រោះថ្នាក់សម្រាប់បុគ្គលិករបស់ខ្លួន ខណៈសកម្មភាពអាណាធិបតេយ្យរបស់ក្រុមបងធំ កាន់តែកើនឡើងនៅក្នុងផ្នែកខ្លះនៃរដ្ឋធានីព័រអូប្រ៉ាំង (Port-au-Prince)។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Gedeon Jean ដែលដឹកនាំប្រតិបត្តិការសិទ្ធិមនុស្សសម្រាប់ក្រុមការងារចំនួន ១៦នាក់ បាននិយាយថា សហការីរបស់លោក ត្រូវបានគេ ចាប់ជំរិតកាលពីថ្ងៃទី២៩ ខែតុលា ហើយដោះលែងមកវិញនៅថ្ងៃទី១៧ ខែវិច្ឆិកា។ លោក Gedeon Jean បានព្រមានថាក្រុមចាប់ពង្រត់ ក៏កំពុង កំណត់គោលដៅលើអង្គការរបស់លោកផងដែរ។ លោក Gedeon Jean បានបញ្ជាក់ថា «ខ្ញុំកំពុងត្រូវបានកំណត់គោលដៅដោយផ្ទាល់ពី ក្រុមចាប់ជំរិត»។

គួរបញ្ជាក់ថា របាយការណ៍ និងការវិភាគរបស់ CARDH បានបង្ហាញពីភាពជាប់ពាក់ព័ន្ធនៃបទឧក្រិដ្ឋ អ្នកនយោបាយ និងសេដ្ឋកិច្ច ក្នុងប្រទេស ហៃទី ដោយផ្តោតការយកចិត្តទុកដាក់លើមេខ្លោងពិតប្រាកដនៃឧក្រិដ្ឋកម្ម ជាជាងក្រុមបងធំ។ កន្លងមក សហរដ្ឋអាមេរិក និងកាណាដា បានដាក់ទណ្ឌកម្មលើអ្នកនយោបាយ និងពាណិជ្ជករមួយចំនួនក្នុងប្រទេសហៃទី ដែលត្រូវបានចោទប្រកាន់ថាបានគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ក្រុមបងធំទាំងនោះ៕

រូបភាពពី Reuters