(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ចិន និងជប៉ុន នឹងត្រូវជួបគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បចូលរួមក្នុងកិច្ចពិភាក្សាមួយ ខណៈ ប្រទេសទាំង៣ កំពុងព្យាយាមត្រួសត្រាយផ្លូវរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ខ្លួន ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំមកនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងថាកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៣ នឹងត្រូវប្រព្រឹត្តទៅ នៅឯទីក្រុង Busan នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយនេះក៏នឹងក្លាយជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាលើកដំបូងផងដែរចាប់តាំងពី ឆ្នាំ២០១៩មក។ តាមសេចក្ដីថ្លែងការណ៍នេះដដែល រដ្ឋមន្ត្រីនៃប្រទេសទាំង៣ ក៏នឹងមានកិច្ចប្រជុំទ្វេភាគីដែរ នៅខាងក្រៅកិច្ចប្រជុំត្រីភាគី។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង ចិន និងជប៉ុន បាន​ឯកភាពគ្នាលើការរៀបចំកិច្ចប្រជុំកំពូលមួយរៀងរាល់មួយឆ្នាំម្ដងចាប់ផ្ដើមពីឆ្នាំ២០១៨មក ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ។ ប៉ុន្តែគម្រោងនេះត្រូវបានផ្អាកជារឿយៗ ដោយសារភាពតានតឹងនៃទំនាក់ទំនងទ្វេភាគី និងការឆ្លង រាតត្បាតកូវីដ១៩។ កិច្ចប្រជុំកំពូលនៃមេដឹកនាំប្រទេសទាំង៣លើកចុងក្រោយបំផុតធ្វើឡើងកាលពីឆ្នាំ២០១៩៕

រូបភាព Global Times