(កាស្មៀរ)៖ ទាហាន ៥នាក់ និងក្រុមឧទ្ទាមដែលសង្ស័យ ២នាក់ត្រូវបានសម្លាប់ នៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា អំឡុងពេលការបាញ់ប្រហារនៅតំបន់ភ្នំហិមាល័យដែលមានជម្លោះ នេះបើតាមមន្ត្រីទានហានម្នាក់បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ ទី២៣ វិច្ឆិកានេះ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អង្គភាពចំនួន ១៦ របស់កងទ័ព បាននិយាយនៅក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ការប្រយុទ្ធដ៏ខ្លាំងក្លាមួយ» បានផ្ទុះឡើងកាលពីថ្ងៃពុធ បន្ទាប់ពីកងទ័ពបានដេញតាមក្រុមសកម្មប្រយុទ្ធចូលទៅក្នុងព្រៃ Calakot ដ៏ក្រាស់ នៃភាគខាងត្បូងតំបន់កាស្មៀរ ។
មន្ត្រីកងទ័ពម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថាការប្រយុទ្ធគ្នាបានបណ្តាលឱ្យទាហាន ៥នាក់ស្លាប់ ក្នុងនោះមានកងកម្មង់ដូរពិសេសពីរនាក់ និងទាហានម្នាក់ទៀតរងរបួស។
ទោះយ៉ាងណា យោធាមិនបានផ្តល់ព័ត៌មានលម្អិត អំពីចំនួនក្រុមឧទ្ទាមដែលសង្ស័យពាក់ព័ន្ធនោះទេ។
គួរបញ្ជាក់ថា តំបន់កាស្មៀរត្រូវបានបែងចែកជាពីររវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីឯករាជ្យរបស់ពួកគេនៅឆ្នាំ ១៩៤៧ ដោយម្នាក់ៗទាមទារតំបន់ខ្ពង់រាបនេះទាំងមូល ប៉ុន្តែគ្រប់គ្រងផ្នែកដាច់ដោយឡែកពីគ្នា។
ក្រុមឧទ្ទាមបានធ្វើសកម្មភាពបះបោរនៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌាចាប់តាំងពីឆ្នាំ ១៩៨៩ ដោយទាមទារឯករាជ្យ ឬការរួមបញ្ចូលគ្នាជាមួយប៉ាគីស្ថាន។ ជម្លោះនេះបានបណ្តាលឲ្យជនស៊ីវិល ទាហាន និងសកម្មប្រយុទ្ធរាប់ម៉ឺននាក់ស្លាប់។
ឥណ្ឌាបានស្តីបន្ទោសប៉ាគីស្ថាន ចំពោះការគាំទ្រពួកសកម្មប្រយុទ្ធ ដែលទីក្រុងអ៊ីស្លាម៉ាបាតបដិសេធ ដោយនិយាយថា ខ្លួនគ្រាន់តែគាំទ្រការតស៊ូរបស់ប្រជាជនកាស្មៀរ សម្រាប់សិទ្ធិសម្រេចដោយខ្លួនឯងប៉ុណ្ណោះ។
កំហឹងបានកំពុងឆាបឆេះនៅក្នុងតំបន់ដែលគ្រប់គ្រងដោយឥណ្ឌា ចាប់តាំងពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi បានលុបចោលឯករាជ្យភាពរដ្ឋធម្មនុញ្ញរបស់តំបន់នេះក្នុងឆ្នាំ ២០១៩ និងបានដាក់ការគ្រប់គ្រងដោយផ្ទាល់។
អាជ្ញាធរឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១៨ នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះក្នុងឆ្នាំនេះ ក្នុងនោះរួមទាំងជនស៊ីវិល ១១ នាក់ កងកម្លាំងសន្តិសុខ ២៧ នាក់ និងក្រុមឧទ្ទាមដែលសង្ស័យ ៨០ នាក់ផងដែរ៕