(ហ្សឺណែវ, ស្វីស)៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំលើកទី២១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Shen Tian អនុតំណាងអចិន្រ្តៃយ៍នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំអង្គការសហប្រជាជាតិ។

ក្នុងជំនួបពិភាក្សានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណងទំនាក់ទំនងដ៏រឹងមាំជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែចូលរួមកសាង និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌ និងការគាំទ្រដល់កម្ពុជាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កិច្ចប្រជុំស្តីពីសិទ្ធិមនុស្ស ការរំសាយសពា្វវុធ និងបញ្ហាក្នុងតំបន់ផ្សេងទៀត។

ទោះបីសាធារណរដ្ឋប្រជាមានិតចិន មិនមែនជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ប៉ុន្តែប្រទេសចិនគឺជារដ្ឋសង្កេតការណ៍ និងតែងតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការងារបោសសម្អាតមីន ជំនួសការចូលរួមចំណែកក្នុងអនុសញ្ញានេះ។

លោក Shen Tian បានសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ទោះបីជាចិនមិនមែនជារដ្ឋភាគីក្តី ហើយភាគីចិននឹង បន្តជួយគាំទ្រកម្ពុជា ក្នុងការងារសកម្មភាពមីន រួមទាំងហិរញ្ញវត្ថុ សម្ភារ និងការបណ្តុះបណ្តាល ជាដើម។

ភាគីចិនកំពុងត្រៀមរៀបចំការចុះអនុស្សរណៈយោគយល់ជាមួយអាជ្ញាធរមីន លើកិច្ចសហប្រតិបត្តិការ ៣ឆ្នាំ តាមការស្នើសុំរបស់រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន។ ជាមួយគ្នានេះ ប្រទេសចិន បានបង្ហាញពីបំណង ក្នុងការគាំទ្រដល់ភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជា នៅក្នុងការជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា គឺការជំរុញប្រទេសមិនមែនជារដ្ឋភាគី ឱ្យចូលរួមជារដ្ឋសមាជិក និងចូលរួមកិច្ចប្រជុំឆ្នាំក្រោយ៕