(ប៉េកាំង)៖ គិតរហូតដល់បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបានអូសបន្លាយអស់រយៈពេលជាងមួយខែហើយ ដែលបានបណ្តាលឱ្យភាគីទាំងពីរមានមនុស្សលើសពី ១៥៥០០នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះក៏បូករួមទាំងកុមារនៅតំបន់កាហ្សាចំនួន ជាង៥៨០០នាក់ផងដែរ។ ការស្លាប់បាត់បង់ជីវិតនិងរងរបួសនៃជនស៊ីវិលជាច្រើន ក៏ដូចជាគ្រោះមហន្តរាយខាងមនុស្សធម៌ បានធ្វើឱ្យសហគមន៍អន្តរជាតិកើតក្ដីព្រួយបារម្ភយ៉ាងខ្លាំង។

ក្នុងបរិបទបែបនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវ “កិច្ចការជាបន្ទាន់ ”ចំនួន៣ ដោយអំពាវនាវឱ្យបណ្តាភាគីនៃការប៉ះទង្គិចឈប់បាញ់គ្នា ធានាឱ្យច្រកផ្លូវសម្រាប់ផ្តល់ជំនួយសង្គ្រោះ មនុស្សធម៌មានសុវត្ថិភាពនិងភាពរលូន បង្ការកុំឱ្យការប៉ះទង្គិចរីករាលដាល លោកបានគូសបញ្ជាក់ថា ផ្លូវចេញជាមូលដ្ឋានសម្រាប់ដោះស្រាយ ការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលបានផ្ទុះឡើងសារចុះសារឡើង គឺត្រូវអនុវត្ត “ផែនការប្រទេសពីរ ” គំនិតផ្តួចផ្តើមរបស់លោកប្រធានរដ្ឋចិន Xi Jinping បានគិតពិចារណាដល់បច្ចុប្បន្នភាពនិងអនាគតយូរអង្វែង ដែលបានតម្រង់ទិស ដើម្បីដោះស្រាយបញ្ហារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលប្រកបដោយប្រសិទ្ធិភាព។

អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា មួយថ្ងៃមុនពេលដែលលោកប្រធានរដ្ឋចិនXi Jinping ថ្លែងសុន្ទរកថា គណៈប្រតិភូចម្រុះនៃរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអារ៉ាប់ និងអ៊ីស្លាមបានបំពេញទស្សនកិច្ចនៅប្រទេសចិន ។ រដ្ឋមន្ត្រីការបរទេសទាំងនេះបានជ្រើសរើសប្រទេសចិន ជាគោលដៅទីមួយនៃដំណើរទស្សនកិច្ច ដើម្បីធ្វើកិច្ចសម្របសម្រួលអន្តរជាតិអំពី ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ដែលបានបង្ហាញពីទំនុកចិត្តកម្រិតខ្ពស់ចំពោះប្រទេសចិន និងការទទួលស្គាល់កម្រិតខ្ពស់ចំពោះគោលជំហរដ៏យុត្តិធម៌ របស់ប្រទេសចិន។ កាលពីខែឧសភា ឆ្នាំនេះ ក្រុមហ៊ុន YouGov ដែលជាស្ថាប័នស្ទង់ប្រជាមតិបានធ្វើការស្ទង់ប្រជាមតិមួយលើក ដោយបានរកឃើញថា ប្រជាជនប៉ាឡេស្ទីន ដែលបានចូលរួមផ្តល់ប្រជាមតិចំនួន ៨០ភាគរយ កាន់តែមានទំនោរចាត់ទុកប្រទេសចិន ជាអ្នកសម្របសម្រួលសន្តិភាពក្នុងការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។

ហេតុអ្វីបានជាគំនិតផ្តួចផ្តើមរបស់ចិនទទួលបាន ការទទួលស្គាល់ជាទូទៅពីភាគីទាំងពីរនៃការប៉ះទង្គិច និងសហគមន៍អន្តរជាតិ? នេះគឺដោយមកពីប្រជាជនចិនស្រឡាញ់សន្តិភាព ប្រឆាំងអំពើហិង្សា ជានិច្ចកាលចិនតែងតែនិយាយពាក្យយុត្តិធម៌និងធ្វើកិច្ចការដ៏យុត្តិធម៌ ។ ក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ខុសគ្នានឹងគោលនយោបាយរបស់អាមេរិក ដែលបានលំអៀងទៅអ៊ីស្រាអែល ប្រទេសចិនមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយទេ ហើយក៏មិនលំអៀងទៅរកភាគីណាមួយដែរ ចិនរំពឹងទុកដោយស្មោះស្ម័គ្រថា ប៉ាឡេស្ទីននិងអ៊ីស្រាអែលនឹងឈប់បាញ់គ្នា និងរួមរស់នៅជាមួយគ្នាដោយសនិ្តសហវិជ្ជមាន។

ចាប់ពីថ្ងៃទី១ខែនេះឡើងទៅ ប្រទេសចិនបានធ្វើជាប្រធានតាមវេនរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីសម្រេចចិត្តលេខ២៧១២ ស្ដីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅថ្ងៃទី ១៥ ខែវិច្ឆិកា ។ នេះជាលើកទីមួយហើយដែលក្រុមប្រឹក្សាសន្តិសុខអនុម័ត សេចក្តីសម្រេចចិត្តពាក់ព័ន្ធតាំងពីការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលជុំថ្មីបានផ្ទុះឡើងមក ហើយក៏ជាសេចក្តីសម្រេចចិត្តទីមួយអំពីបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ ក្នុងរយៈពេល៧ឆ្នាំកន្លងមក ។ ឥស្សរជនអ្នកវិភាគបានសម្គាល់ឃើញថា ការដែលក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីសម្រេចចិត្តមួយនេះ គឺបានមកដោយមិនងាយទេ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីកិច្ចការមួយនេះ ហើយបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវ និងភារកិច្ចរបស់ប្រទេសធំ ក៏ដូចជាបានបញ្ជាក់ជាថ្មីម្តងទៀតថា ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិកនៃសន្តិភាពពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ។

ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាភាគីនានា នៅថ្ងៃទី២២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ រដ្ឋាភិបាលអ៊ីស្រាអែលនិងអង្គការហាម៉ាស់ បានប្រកាសដោយឡែកពីគ្នាថា បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា ជាបណ្តោះអាសន្នរយៈពេលបួនថ្ងៃ ។ ប្រជាជននៃតំបន់កាហ្សាបានទទួលពេលឈប់បាញ់គ្នាជាបណ្តោះអាសន្ន។ ប៉ុន្តែ ការឈប់បាញ់គ្នារយៈពេលខ្លីមិនអាចដោះស្រាយ បញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលពីឫសគល់ទេ។ សេចក្តីសម្រេចចិត្តលេខ២៧១២ របស់ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តយ៉ាងប្រាកដប្រជាក្នុងពេលឆាប់ៗ ផែនការដោះស្រាយបញ្ហាពីឫសគល់ ដែលលើកឡើងដោយប្រទេសចិន គួរឱ្យភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែល ក៏ដូចសហគមន៍អន្តរជាតិគិតពិចារណាយ៉ាងស៊ីជម្រៅ ។ បញ្ហាប៉ាឡេស្ទីនមិនគួរក្លាយទៅជាមុខរបួស ដែលមិនអាចផ្សះផ្សាបាននៅលើពិភពលោកឡើយ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន