(អង់ការ៉ា)៖ តួកគីបានជូនដំណឹងដល់អង្គការណាតូ (NATO) ថាការផ្តល់សច្ចាប័នលើពាក្យសុំចូលជាសមាជិករបស់ស៊ុយអែត មិនអាចបញ្ចប់ទាន់ពេលវេលា ដើម្បីរៀបចំពិធីចូលជាសមាជិកជាផ្លូវការ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃបក្សសម្ព័ន្ធយោធាមួយនេះ នៅសប្តាហ៍ក្រោយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

កាលពីសប្តាហ៍មុន គណៈកម្មការកិច្ចការបរទេសនៃសភាតួកគី បានពន្យារពេលបោះឆ្នោតលើសមាជិកភាពរបស់ស៊ុយអ៊ែត ដើម្បីទុកពេលវេលាពិភាក្សាបន្ថែម។ ប្រភពមួយបានឲ្យដឹងថា គណៈកម្មការនេះទំនងជានឹងបន្តកិច្ចពិភាក្សា នៅថ្ងៃអង្គារ ឬថ្ងៃពុធសប្តាហ៍ក្រោយ ចំពេលដែលរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ ត្រូវជួបប្រជុំគ្នាក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃនោះតែម្តង ហើយក៏ជាពេលដែលប្លុកការពារជាតិលោកខាងលិចសង្ឃឹមថា នឹងអាចកំណត់លទ្ធផលសម្រាប់ស៊ុយអែត។ ដោយឡែក ក្រសួងការបរទេសតួកគីមិនទាន់មានការអធិប្បាយឆ្លើយតបនៅឡើយទេ។

គួរបញ្ជាក់ថា ស៊ុយអែត បានស្នើសុំចូលជាសមាជិកអង្គការណាតូកាលពីខែឧសភា ឆ្នាំ ២០២២ នៅបន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន។ ស្របពេលហុងគ្រី ដែលជាសមាជិកណាតូ ក៏មិនបានផ្តល់សច្ចាប័នដែរនោះ តួកគីត្រូវបានគេមើលឃើញថាជា ផ្លូវដ៏សំខាន់សម្រាប់ស៊ុយអែត ក្នុងការក្លាយជាសមាជិករបស់ណាតូ៕

រូបភាពពី AFP