(យូអិន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា មនុស្សសរុបកើនដល់ជាង២៨៦,០០០នាក់ហើយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នាប៉ុន្មានសប្តាហ៍មកនេះ ​រវាងក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ហើយនិងកងកម្លាំងរបស់រដ្ឋាភិបាលយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការ UN លោក Antonio Guterres បាននិយាយដូច្នេះថា «ក្រុមភ្នាក់ងារ​កិច្ចការមនុស្សធម៌របស់យើង បានប្រាប់យើងថា ការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងយោធាមីយ៉ាន់ម៉ា គឺកំពុងតែបន្តហើយបានរីករាលដាលដល់ កន្លែងកាន់តែច្រើនថែមទៀត រួមមានទាំងតំបន់ទីប្រជុំជន ដែលមានមនុស្សរស់នៅប្រមូលផ្តុំ​ផងដែរ»

យោងតាមលោក Haq កន្លែងដែលមានការប្រយុទ្ធគ្នាខ្លាំងធ្ងន់ធ្ងរជាងគេ គឺស្ថិតនៅរដ្ឋ Shan, Sagaing, Kayah, Rakhine និង Chin ហើយគិតត្រឹមពេលនេះ មនុស្សកើនដល់ជាង ២៨៦,០០០នាក់ហើយ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនពីផ្ទះសម្បែង គិតចាប់តាំងពីការកើនឡើង​នៃការប្រយុទ្ធគ្នា កាលចុងខែតុលា ហើយតួលេខនេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងថែមទៀត។ ដោយឥឡូវមានប្រជាជនសរុប​ជាង ២លាននាក់ ត្រូវបានបង្ខំឱ្យព្រាត់ប្រាសពីលំនៅដ្ឋាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា លោក Haq បានអំពាវនាវឱ្យមានការជួយផ្តល់មូលនិធិ​ជាបន្ទាន់ សម្រាប់ជំនួយមនុស្សធម៌។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាខ្លាំងបានផ្ទុះឡើងដំបូងកាលពីថ្ងៃទី២៦ ខែតុលា នៅរដ្ឋ Shan ភាគខាងជើង កៀកព្រំប្រទល់ប្រទេសចិន នៅពេលចលនាប្រដាប់អាវុធជនជាតិភាគតិច ចំនួន៣ក្រុម បានសហការគ្នាបើកការវាយប្រហារប្រឆាំងកងកម្លាំងរបស់របបយោធា។ បន្ទាប់មក ចលនា Arakan Army (AA) ដែលស្ថិតក្នុងសម្ព័ន្ធភាពខាងលើ ក៏បានបើកការវាយប្រហារកាលពីដើមសប្តាហ៍មុន នៅរដ្ឋ Rakhine ភាគខាងលិច ស្របពេលដែលការប្រយុទ្ធគ្នាកើតមានឡើង នៅរដ្ឋ Kayah ភាគខាងកើត ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់ថៃ៕

Photo from AFP