(ប៉េកាំង)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការបរទេសចិនបានចេញមុខលើកឡើងថា វាគឺជាប្រយោជន៍សម្រាប់ភាគីទាំងអស់ ក្នុងការជួយធានានូវសុខសន្តិភាពក៏ដូចជាស្ថិរភាព នៅតំបន់ឧបទ្វីបកូរ៉េ បន្ទាប់ពីកូរ៉េខាងជើងបានទទួលជោគជ័យ ក្នុងការយកផ្កាយរណបស៉ើបការណ៍ដំបូងបំផុតរបស់ខ្លួន ទៅដាក់ក្នុងគន្លងទីអវកាស ហើយបានប្តេជ្ញាថា នឹងបាញ់បង្ហោះជាបន្តបន្ទាប់បន្ថែមទៀត នាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រោយការប៉ុនប៉ងបរាជ័យចំនួន២លើក ការប្រកាសទទួលជោគជ័យ ក្នុងការព្យាយាមជាលើកទី៣របស់កូរ៉េខាងជើង កាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្កឱ្យប្រទេសជិតខាង រួមមានកូរ៉េខាងត្បូងនិងជប៉ុន បង្ហាញការមិនពេញចិត្តជាខ្លាំង។ ឆ្លើយតបសំណួររបស់ អ្នកសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយយ៉ាងដូច្នេះថា «ចិនបានកត់សម្គាល់ឃើញ សេចក្តីប្រកាសអំពីការបាញ់បង្ហោះផ្កាយរណបដោយជោគជ័យរបស់កូរ៉េខាងជើង ហើយនិងការបញ្ចេញប្រតិកម្មពីសំណាក់ភាគីពាក់ព័ន្ធ។ ការរក្សាសុខសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងការលើកកម្ពស់នីតិវិធីដោះស្រាយតាមផ្នែកនយោបាយ សម្រាប់បញ្ហាឧបទ្វីបកូរ៉េ គឺជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងអស់ នៅក្នុងតំបន់»។
ជាចុងក្រោយ លោកស្រីអ្នកនាំពាក្យចិន បានលើកឡើងថា បើតាមក្តីសង្ឃឹមរបស់ទីក្រុងប៉េកាំង គឺភាគីទាំងអស់គួរតែរក្សាភាពស្ងប់ស្ងាត់ ព្រមទាំងអនុវត្តការអត់ធ្មត់ ហើយចូលរួមជជែកគ្នាដោយសន្តិវិធីនិងប្រកបដោយអត្ថន័យ ដើម្បីដោះស្រាយក្តីកង្វល់ស្របច្បាប់រៀងៗខ្លួន នៅក្នុងរបៀបមួយដែលមានតុល្យភាព ហើយទន្ទឹមគ្នានោះ ទីក្រុងប៉េកាំងនឹងបន្តដើរតួនាទីស្ថាបនា ក្នុងការលើកស្ទួយដំណោះស្រាយតាមផ្នែកនយោបាយ សម្រាប់បញ្ហាឧបទ្វីបកូរ៉េ៕
រូបភាពពី AFP