(តៃប៉ិ)៖ នាថ្ងៃព្រហស្បតិ៍នេះ បេក្ខជនមេដឹកនាំរងនៃគណបក្សកាន់អំណាចតៃវ៉ាន់ សម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំដែនកោះនេះ ដែលត្រូវប្រព្រឹត្តទៅនាខែមករា ឆ្នាំ២០២៤ បានលើកឡើងថា សង្រ្គាមជាមួយប្រទេសចិនគឺពុំមែនជាជម្រើសមួយឡើយ ហើយលោកស្រី បានចង្អុលបង្ហាញថា ការទាក់ទងគ្នាឆ្លងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ គឺជាកូនសោគន្លឹះដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលបានបង្កឱ្យមានក្តីកង្វល់អំពីស្ថិរភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន កំពុងក្លាយជាស្រមោលដ៏ធំមួយ ចំពោះការបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី សម្រាប់ដែនកោះនេះ ដែលនឹងធ្វើឡើង នៅថ្ងៃទី១៣ ខែមករា ឆ្នាំក្រោយ ជាពិសេសស្របពេលដែល ចិនបាននិងកំពុងបង្កើនការដាក់សម្ពាធយោធារបស់ខ្លួន។ នៅក្នុងសប្តាហ៍នេះ គណបក្សកាន់អំណាចតៃវ៉ាន់ DPP បានប្រកាសជ្រើសរើស អតីតឯកអគ្គរដ្ឋទូតមិនផ្លូវការប្រចាំសហរដ្ឋអាមេរិក គឺលោកស្រី Hsaio Bi-khim ធ្វើជាដៃគូឈរឈ្មោះជាមួយ បេក្ខជនមេដឹកនាំរបស់ខ្លួន គឺលោក Lai Ching-te ដែលកំពុងមានសំឡេងប្រជាប្រិយភាពនាំមុខគេ។
ទាំងលោក Lai និងលោកស្រី Hsiao សុទ្ធតែត្រូវបានទីក្រុងប៉េកាំង ចាត់ទុកជាបុគ្គលមានបំណងចង់បំបែករដ្ឋ ហើយលោកស្រី Hsaio បានរងការដាក់ទណ្ឌកម្មចំនួន២លើក ពីសំណាក់ទីក្រុងប៉េកាំង ដែលលើកចុងក្រោយបំផុត គឺកាលពីខែមេសា ឆ្នាំនេះ។ នាថ្ងៃព្រហស្បតិ៍នេះ លោកស្រី Hsaio បាននិយាយដូច្នេះថា «យើងធ្លាប់បានគូសបញ្ជាក់គោលជំហររួចហើយថា គឺពួកយើងនៅតែបន្តបើកទ្វារចំហចំពោះកិច្ចសន្ទនា ហើយប្តេជ្ញាចំពោះការរក្សាស្ថានភាពដើម។ វាក៏ជារឿងសំខាន់ផងដែរ សម្រាប់សហគមន៍អន្តរជាតិ ដែលបានយល់ស្របជាមួយគោលជំហររបស់យើង ក្នុងការបន្តរក្សាសុខសន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ បញ្ជាក់ឱ្យច្បាស់ទៅកាន់សមភាគីរបស់យើង នៅឯត្រើយម្ខាងទៀតនៃច្រកសមុទ្រតៃវ៉ាន់ ថាកិច្ចសន្ទនាគឺជាមធ្យោយបាយតែមួយគត់ ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នានានា។ សង្រ្គាមគឺមិនមែនជាជម្រើសមួយឡើយ»។
គួរបញ្ជាក់ថា ពេលវេលាផុតកំណត់ សម្រាប់ការចុះឈ្មោះបេក្ខជនមេដឹកនាំនិងបេក្ខជនមេដឹកនាំរង ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតរបស់កោះតៃវ៉ាន់ គឺនៅរសៀលថ្ងៃសុក្រសប្តាហ៍នេះ ខណៈលោក Lai និងលោកស្រី Hsaio បានចុះឈ្មោះរួចរាល់ជាផ្លូវការហើយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ យ៉ាងណាមិញ គណបក្សប្រឆាំងធំជាងគេនៅតៃវ៉ាន់ គឺ Kuomintang (KMT) ពីដំបូងឡើយ បានព្រមព្រៀងរួមដៃសហការគ្នា ជាមួយគណបក្សប្រឆាំងធំមួយទៀត គឺ TPP ប៉ុន្តែមកទល់ឥឡូវនេះ គណបក្សទាំងពីរមិនទាន់អាចឯកភាពគ្នាបាននៅឡើយនោះទេ ក្នុងការសម្រេចថា តើបេក្ខជនរបស់បក្សមួយណា ដែលត្រូវឈរឈ្មោះជាបេក្ខជនមេដឹកនាំ និងជាបេក្ខជនមេដឹកនាំរង៕
រូបភាពពី AFP