(ហ្សាការតា)៖ ប៉ូលិសនៃប្រទេសឥណ្ឌូណេស៉ី បានសម្រេចចាត់ទុកប្រធានទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយឥណ្ឌូណេសណេស៉ី លោក Firli Bahuri ជាជនសង្ស័យក្នុងសំណុំរឿងពុករលួយមួយ ដែលជាការប៉ះពាល់ថ្មីមួយផ្សេងទៀត ចំពោះកេរ្តិ៍ឈ្មោះរបស់ស្ថាប័នមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Firli បានជាប់ជាជនសង្ស័យម្នាក់ នៅក្នុងករណីសង្ស័យជំរិតទារប្រាក់ពីលោក Syahrul Yasin Limpo អតីតរដ្ឋមន្រ្តីកសិកម្ម ដែលត្រូវបានចាប់ខ្លួនកាលពីខែតុលា ក្រោយរងការចោទប្រកាន់ពី បទកេងប្រវ័ញ្ចលុយរហូតដល់ទៅជាង ៨០០,០០០ដុល្លារ ពីមូលនិធិរដ្ឋ ដាក់ចូលហោប៉ៅរបស់ខ្លួន។

លោក Ade Safri Simanjuntak ដែលជាមន្រ្តីប៉ូលិសម្នាក់នៃទីក្រុងហ្សាការតា បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីយប់ថ្ងៃពុធថា ខាងប៉ូលិសមានភស្តុតាងគ្រប់គ្រាន់ ក្នុងការកំណត់ប្រធានទីភ្នាក់ងារ KPK ជាជនសង្ស័យម្នាក់ នៅក្នុងសំណុំរឿងពុករលួយមួួយ ក្រោមទម្រង់​ជាការជំរិតទារប្រាក់។ លោក Ade បានឱ្យដឹងថា មន្រ្តីរដ្ឋាភិបាលមួយរូប បានជំរិតទារប្រាក់ពីក្រសួងកសិកម្មឥណ្ឌូណេស៉ី ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក Firli ត្រូវបានតែងតាំងជាប្រធានទីភ្នាក់ងារ KPK កាលពីឆ្នាំ២០១៩។ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយនេះ បានបំបែកសំណុំរឿងពុករលួយ ដែលប្រព្រឹត្តដោយអ្នកនយោបាយ មន្រ្តី និងអ្នកជំនួញសរុបរាប់រយនាក់ បើគិតចាប់តាំងពីការបង្កើតឡើង​នៅឆ្នាំ២០០២មក ហើយបានក្លាយជា ទីភ្នាក់ងារដែលពោរពេញដោយការគោរពបំផុតមួយ នៅក្នុងប្រទេសអាស៊ានមួយនេះ៕

រូបភាពពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី